ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្រ្កាបជនពាក់ព័ន្ធសារធាតុញៀនម្នាក់រួមទាំងវត្ថុតាង និងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាប៉ុស្តិ៍រដ្ឋបាលបឹងខ្នាប្រជាការពារភូមិសហការគ្នា បង្រ្កាបជនជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១នាក់ រួមទាំងវត្ថុតាង និងសម្ភារ នៅស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៦ និង៥០នាទីយប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវលោក ស្ថិតក្នុងភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងខ្នារបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ ព្រាប ធីណា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានដកហូតនូវវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៩កញ្ចប់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងបុព្វហេតុគ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃចំនួន ០១គ្រឿង និងម៉ូតូចំនួន ១គ្រឿងដែរម៉ាក បុកស័រ ពណ៌ក្រហម គ្មានស្លាកលេខ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារ បាននាំយកមកអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបន្តរៀបចំនីតិវិធី បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មានចំណាត់ការបន្តតាមបច្ចេកទេសរបស់ជំនាញ៕ ប៉ឹម ពិន

 


ចែករំលែក៖