ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍បឹងកក់ទី២ ឃាត់ខ្លួនចោរឆក់ទូរស័ព្ទ២នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាក់ស្ដែងពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ) កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃអាទិត្យ ១២កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៦៥២ ត្រូវនឹងថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៨ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៧ ផ្លូវលេខ៥៦៦ ក្រុមទី៥២ ភូមិ១១ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ទី១-ឈ្មោះ ម៉ៅ បញ្ញារិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ) ។ និងទី២-ឈ្មោះ ឌី ណារ័ត្ន ហៅ និត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ឆុងកាហ្វេ ស្នាក់នៅផ្ទះពុំស្គាល់លេខ ផ្លូវបេតុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធាធានីភ្នំពេញ (ជាអ្នកឆក់) ។ ចំណែកវត្ថុុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក Scoopy ស៊េរី២០១៩ ពណ៌ស អត់ស្លាកលេខ ដែលមានលេខតួ និងលេខម៉ាស៊ីន : 8137072 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ ) ។ ; ទូរស័ព្ទដៃមួយគ្រឿងម៉ាក Samsung Not5 ពណ៌ស ប្រើស៊ីមលេខ 077 470303 (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់ ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ ឈួ សោភ័ណ្ឌ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ៤២៩ ផ្លូវលេខ១៩២៨ សង្កាត់ទួលសង្កែរ ទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

មន្រ្តីដដែលបន្តទៀតថា មុនពេលកើតហេតុនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៧និង២០នាទីយប់ ជនរងគ្រោះឈ្មោះ ឈួ សោភ័ណ្ឌ ភេទ ស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូកង់បី (PassApp) ជាមួយប្អូនប្រុស ឈ្មោះ ឈួ វាសនា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នករត់ម៉ូតូឡាំប្រឺតា (PassApp) ចេញពីផ្ទះនៅម្ដុំ សង្កាត់ទួលសង្កែរទី២ ខណ្ឌឬស្សីកែវ ក្នុងគោលបំណងមកញាំអាហារ នៅហាងវិថី សាច់អាំង ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយពេលធ្វើដំណើរតាមផ្លូវ ជនរងគ្រោះបាន យក ទូរស័ព្ទដៃមកចុចលេង ។

លុះពេលជនរងគ្រោះជិះមកដល់ចំណុច មុខផ្ទះលេខ ១៧ ផ្លូវលេខ៥៦៦ ក្រុម ទី៥២ ភូមិ១១ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ស្រាប់តែមានជនសង្ស័យ២នាក់ ឈ្មោះ ម៉ៅ បញ្ញារិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើក ម៉ូតូ និងឈ្មោះ ឌី ណារ័ត្ន ហៅ និត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកជិះពីក្រោយ បានជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ស៊េរី២០១៩ ពណ៌ស អត់ ស្លាកលេខ មកពីខាងក្រោយខាងស្ដាំដៃ ជនរងគ្រោះ រួចហើយជនសង្ស័យឈ្មោះ ឌី ណារ័ត្ន ហៅ និត បានធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃពីជនរងគ្រោះ ភ្លាមនោះជនរងគ្រោះក៏ទាញយកទូរស័ព្ទមកវិញ ភ្លាមនោះឈ្មោះ ឈួ វាសនា ជាប្អូនជនរងគ្រោះក៏បានបត់ម៉ូតូឡាំប្រឺតា បណ្ដាលឲ្យម៉ូតូរបស់ជនសង្ស័យទាំងពីរដួលទៅលើផ្លូវ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ ទី២ ដែលល្បាតការពារក្នុងមូលដ្ឋានក្បែរនោះ ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យទាំងពីរ នឹង ចាប់យកវត្ថុតាង រួចបញ្ជូនមកកាន់ទីស្នាក់ការប៉ុស្តិ៍បឹងកក់ទី២ ចាត់ការតាមនីតិវីធីច្បាប់តែម្ដង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ សមត្ថកិច្ចយើងបានយកទឹកនោម ជនសង្ស័យទាំងពីររូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល ឈ្មោះ ឌី ណារ័ត្ន ហៅ និត មាន ភាព វិជ្ជមាន (មានសារធាតុ ញៀន) ចំណែកឈ្មោះ ម៉ៅ បញ្ញារិទ្ធ ហៅ រិទ្ធ មានភាព អវិជ្ជមាន (គ្មានសារធាតុញៀន ) ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖