ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ ក្របួចបានចោរឆក់កាបូបម្នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ នៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ជាក់ស្ដែងពីបទ លួច មានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ១៣៥ ផ្លូវ លេខ ម៉ៅសេទុង ក្រុមទី២៩ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួល គោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចមុខ សាលាខណ្ឌទួលគោក ផ្លូវលេខ១៨២ ក្រុមទី១៨ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ចាន់ សុវណ្ណដេត ហៅ ស្អុយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកវត្ថុតាងចាប់យកមាន៖ កាបូបស្ពាយមួយពណ៌ស្វាយក្នុងនោះមានកូនកាបូបដៃមួយ មានលុយចំនួន២៥០$ (ពីររយដុល្លារ សហរដ្ឋអាមេរិក) , សែកបើកលុយចំនួន០២សន្លឹក មានទឹកប្រាក់សរុប ចំនួន៤៦២$ (បួនរយហុកសិបពីរដុល្លារ សហរដ្ឋអាមេរិក) , ទូរស័ព្ទដៃមួយគ្រឿងម៉ាក I phone 7 plus ពណ៌ផ្កាឈូក ប្រើប្រាស់លេខ 010 528 777 និង ឯកសាររបស់ក្រុម ហ៊ុនមួយចំនួន (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ដោយឡែកវត្ថុតាងដកហូតពីជនសង្ស័យមាន៖ កាបូបស្ពាយពណ៌ឈាមជ្រូក ចំនួន០១ ក្នុងនោះមាន ទូរស័ព្ទដៃម៉ាក Nokia ចំនួន០១គ្រឿង និង ម៉ូតូមួយគ្រឿងម៉ាក Suzuki Shmash V ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HF- 3104 ដែលមានលេខតួ និងលេខម៉ាស៊ីន: 300073 (ជារបស់ជនសង្ស័យ ) ។

ជនរងគ្រោះមានឈ្មោះ គី សុខធីតា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ក្រុមហ៊ុន UNT WHOLESALE ស្នាក់នៅផ្ទះលេខ៤ ផ្លូវលំ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១និង២០នាទីរសៀល ជនរងគ្រោះឈ្មោះ គី សុខធីតា ភេទ ស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ស៊េរី 2013 ពណ៌ផ្កាឈូក ជិះចេញពីម្ដុំផ្សារនាគ មាស ក្នុងគោលបំណងជិះដើរផ្សព្វផ្សាយផលិតផលក្រុមហ៊ុន UNT WHOLESALE លុះពេលជនរងគ្រោះជិះតែម្នាក់ឯង តាមបណ្ដោយផ្លូវ លេខ១៨២ ពីកើតទៅលិច មកដល់ចំណុច មុខសាលាខណ្ឌទួលគោក ក្រុម ទី១៨ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុវណ្ណដេត ហៅ ស្អុយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Shmash V ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HF- 3104 មកពីខាងក្រោយខាងស្ដាំដៃជនរងគ្រោះ រួចធ្វើសកម្មភាពឆក់ កាបូបស្ពាយរបស់ជនរងគ្រោះ បានសម្រេច ហើយជនសង្ស័យបាន ព្យាយាមជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីខាងក្រោយ រួចស្រែកថាចោរៗ លុះពេលមកដល់ចំណុចមុខផ្ទះលេខ១៣៥ ផ្លូវលេខ ម៉ៅសេទុង ក្រុមទី២៩ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ សុវណ្ណដេត ហៅ ស្អុយ និងចាប់យកវត្ថុតាង កាបូបស្ពាយជនរងគ្រោះមកវិញ រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាម នីតិវីធីច្បាប់តែម្ដង ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ សុវណ្ណដេត ហៅ ស្អុយ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យរូបនេះមកធ្វើតេស្តិ៍ ស្វែងរកសារធាតុ ញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព វិជ្ជមាន ។

បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖