ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួនជនសង្ស័យឆក់កាបូបជនបរទេស២នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយនារីជនបរទេស បានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនតែត្រូវកម្លាំងសមត្ថកិច្ចដេញតាមចាប់ ធ្វើឲ្យជនសង្ស័យភ័យបណ្ដាលឲ្យដួលម៉ូតូ ក៏បានយកកាបូបនោះបោះចោល ភ្លាមនោះកម្លាំងមកដល់ក៏ឃាត់ខ្លួនបានទាំង២នាក់តែម្តង ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១០៦កែងផ្លូវ១៣ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី​១ឈ្មោះ ធី គឹមឡេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ទី២ឈ្មោះ គឹម សុខហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥E៣ ផ្លូវលេខ១១១ សង្កាត់អូឫស្សីទី១ ខណ្ឌ៧មករា។ ជនបរទេសរងគ្រោះឈ្មោះHannam Gibson ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិអង់គ្លេស ស្នាក់នៅសណ្ឋាគារ Onedirz នៅសង្កាត់វត្តភ្នំខណ្ឌដូនពេញ។ បាត់បង់កាបូបស្ពាយមានទូរស័ព្ទ១គ្រឿងនិងលុយកាក់រួមទាំងឯកសារមួយចំនួន។

មន្រ្តីដដែរបានបន្តទៀតថា មុនពេល​កើតហេតុ ជនរងគ្រោះជាជនជាតិបរទេសប្រុស ស្រី២នាក់ បានដើរលេងតាមមាត់ទន្លេ ដោយស្ពាយកាបូប លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១CH-៨១២១ មកធ្វើសកម្មភាពឆក់ផ្តាច់យកកាបូបបានសម្រេច ហើយប្រុងជិះគេចខ្លួន ពេលនោះជនរងគ្រោះស្រែកឡូឡាធ្វើឲ្យក្រុមជនល្មើសភ័យស្លន់ស្លោរក៏ដួលម៉ូតូហើយស្រវាងើបឡើងរត់ ព្រមទាំងបោះកាបូបរបស់ជនរងគ្រោះចោល ត្រូវបាន​អ្នកដំណើររើសយកបាត់ ភ្លាមនោះជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំ និងកម្លាំងព្រហ្មទណ្ឌកំរិតស្រាលរាជធានីឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនីតិវិធី៕ ស តារា


ចែករំលែក៖