ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដកហូតថ្នាំញៀនចំនួន១៤កញ្ចប់តូចធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួន ក្រោយពីកម្លាំងសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនចំនួន ១៤កញ្ចប់តូចធំ កាលពីវេលាម៉ោង ៦និង០០នាទីល្ងាច ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្ទះបាក់បែក តាមបណ្តាយផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ២នាក់ខាងលើ ទី១-ឈ្មោះ ខន ខេង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើកឡានតាក់ស៊ី (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី២-ឈ្មោះ ជា តាមីលី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ គឺកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានជិះល្បាតនៅក្នុងមូលដ្ឋាន ខណៈជិះមកដល់ចំណុចផ្លូវរថភ្លើង ស្រាប់តែឃើញជនសង្ស័យទាំង ២នាក់កំពុងតែជក់គ្រឿងញៀន ឃើញដូចនោះ កម្លាំងសមត្ថកិច្ចយើងបានចូលទៅឆែកឆេរនៅក្នុងផ្ទះបាក់បែកខាងលើ ស្រាប់តែឃើញថ្នាំញៀនចំនួន ១៤កញ្ចប់ ដោយក្នុងនោះមាន មួយកញ្ចប់ធំ។ ក្រោយមក កម្លាំងសមត្ថកិច្ចយើងបាននាំជនសង្ស័យទាំង ២នាក់ខាងលើមកកាន់ប៉ុស្តិ៍នគរបាលស្រះចក ដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមច្បាប់៕ស រស្មី


ចែករំលែក៖