ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបទីតាំងផលិតប្រេងខ្មៅគ្មានច្បាប់ ម្ចាស់រត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ទីតាំងផលិតប្រេងខ្មៅមួយកន្លែង ដែលគ្មានច្បាប់ទម្លាប់លួចលាក់ផលិតជាយូរ ខែ ឆ្នាំណាស់មកហើយនោះ ពេលនេះត្រូវបានកម្លាំងនគរបាលនាយដ្ឋាន ប្រឆាំងបទល្មើសសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសខេត្តកំពង់ស្ពឺនិងមានការសម្របសម្រួលពីលោកអ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែលប៉ុន្តែម្ចាស់ទីតាំងហាក់បីដូចជាដឹងខ្លួនមុនរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្ត០៣គ្រឿងទៀតផង។

ហេតុការចុះបង្ក្រាបខាងលើកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមមន្ត្រីនគរបាលស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថានៅមុនពេលចុះបង្ក្រាបទីតាំងផលិត ចម្រាញ់ប្រេងខ្មៅគ្មានច្បាប់ទម្លាប់ខាងលើនេះ ដោយមានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ទើប កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃបាន សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អាជ្ញាធរ មន្ទីរសិប្បកម្មឧស្សាហ៍កម្មខេត្តកំពង់ស្ពឺដែល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាស រ៉ាវុធ អនុប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក ពីង ពៅ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលដោយលោក អ៊ូ ផាត ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកំពង់ស្ពឺ តាមដីកាអនុញ្ញាតឲ្យឆែកឆេរ លេខ១២៣៣៩/១៨ ជ.ប្រធានសាលាដំបូង លោកថៃ គឹមមុនី ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ បង្រ្កាបករណីសង្ស័យ និងកំពង់កែច្នៃប្រេងខ្មៅ (កាកសំណល់ប្រេងចម្រុះដែលប្រើរួច) នៅទីតាំងខាងលើ ។

បន្ទាប់ពីចុះបង្ក្រាបរួច សមត្ថកិច្ចឆែកឆេររកឃើញ រួមមាន: ធុងខៀវម៉ាក (Interrox st 50) ចំនួន៥៤ធុង(ក្នុង១ធុងមានចំនួន ៣៥គីឡូក្រាម) , ធុងអាសុីតពណ៌ប្រផេះ(គ្មានម៉ាក) ចំនួន ១១០ធុង (ក្នុង១ធុងមានចំនួន១៥គីឡូក្រាម), ធុងស្តុកប្រេងម៉ាស៊ូតចំនួន ២៤ធុង (ចំណុះ ១ធុង ស្មើ ៤០០លីត្រ), សុីទែនស្តុកប្រេងម៉ាស៊ូតធំ មានចំនួន៤ (ចំណុះ១៥០០០លីត្រ), សុីទែនស្តុកប្រេងម៉ាស៊ូតតូច មានចំនួន៣ (ចំណុះ ៣០០០លីត្រ) និងរថយន្តចំនួន ៣គ្រឿង គោយន្ត ១គ្រឿងផងដែរ ។

បច្ចុប្បន្នវត្ថុតាងខាងលើនេះទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរឹបអូសកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីចំពោះម្ចាស់ទីតាំងដែលរត់គេចខ្លួននោះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ សេនា សក្តិ


ចែករំលែក៖