ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកថ្មគោលចាប់ខ្លួនក្មេងទំនើង២នាក់យកកាំបិតវែងកាប់ទៅលើជនរងគ្រោះម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ជាក្មេងទំនើងត្រូវបានកម្លាំងនគរបាលស្រុកថ្មគោល ខេត្តបាត់ដំបងចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពជិះម៉ូតូ១គ្រឿងឌុបគ្នា២នាក់ប្រដាប់ដោយកាំបិតវែងកាប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ៥៧បេ ភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ដែលចាប់ខ្លួនឈ្មោះ គឹង រាត្រី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល(ជាជនដៃដល់ និងឈ្មោះ ទុយ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ កណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល(ជាអ្នកឌុប) ។ រីឯជនរងគ្រោះ ឈ្មោះ ស៊ុំ ប៊ុនឈេត ភេទប្រុស អាយុ១២ឆ្នាំរស់នៅភូមិតាកយ ឃុំបន្សាយត្រែងស្រុកថ្មគោល ខេត្តបាត់ដំបង ។

លោកបន្តឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូដើរលេង បន្ទាប់មកមានជនសង្ស័យ២នាក់អត់ស្គាល់អត្តសញ្ញាណជិះម៉ូតូ១គ្រឿងឌុបគ្នា ហើយក៏បានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះ ដែលកំពុងធ្វើដំណើរលើផ្លូវសាធារណៈ រងរបួសត្រង់ថ្ងាស់ មុខ យ៉ាងធ្ងន់ ហើយជនសង្ស័យក៏បាននាំគ្នារត់គេចខ្លួនបាត់។ ជនរងគ្រោះបន្ទាប់មកត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ។

លោកវរសេនីយ៍ទោផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ថា មូលហេតុដែលជនសង្ស័យកាប់ប្រហារទៅលើជនរងគ្រោះដោយសារតែគេចាប់ច្រឡំ ដោយនឹកស្មានថា ជនរងគ្រោះជាសត្រូវរបស់ពួកខ្លួន តែការពិតបងប្រុសជនរងគ្រោះនោះទេដែលជាសត្រូវរបស់ពួកគេ ធ្លាប់មានទំនាស់ជាមួយពួកគេកាលពីពេលកន្លងមក។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាង កាំបិតវែងមួយដើម។

ក្រោយសាកសួរ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់ ៕ សំ វិច្ឆិកា


ចែករំលែក៖