ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងធ្វើការដកហូតវត្ថុតាងថ្នាំញៀន១០កញ្ចប់ ខណៈដែលជនសង្ស័យ២នាក់រត់គេចខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាលចុះបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់មួយកន្លែង កាលពីវេលាម៉ោង១៧ និង៤៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខណៈចុះទៅដល់ជនសង្ស័យបាននាំគ្នារត់គេចខ្លួនអស់បានត្រឹមតែធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១០កញ្ចប់ ដើម្បីកសាងសំណុំរឿង និងសាវតាជាតិជនសង្ស័យទាំង២នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់។

fe (1)

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលរត់គេចខ្លួននោះ ទី១-ឈ្មោះ ទ្រី វណ្ណះ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ ប៉ាន់ ប៉ុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ក្រោយពីជនសង្ស័យរត់គេចខ្លួនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១០កញ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀតផងដែរ ។

fe (2)

ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនល្អថា នៅក្នុងភូមិសាស្ត្រភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង មានក្រុមជនសង្ស័យធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនរួចមក សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាងបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលចុះធ្វើការស្រាវជ្រាវ និងឆ្មក់ចូលទៅបង្រ្កាបចាប់ខ្លួនជនសង្ស័យកំពុងស្ថិតនៅលំនៅឋាន ។

fe (3)

ពេលសមត្ថកិច្ចចុះទៅដល់ក្រុមជនសង្ស័យដឹងខ្លួនទាន់ពេលវេលាក៏នាំគ្នារត់គេចខ្លួនបាត់អស់ទៅ សមត្ថកិច្ចបានត្រឹមតែធ្វើការដកហូតវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿង និងសាវតាជាតិជនសង្ស័យទាំង២នាក់ខាងលើនេះ បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

fe (4)


ចែករំលែក៖