ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលរឹបអូសថ្នាំញៀន១២កញ្ចប់ ខណៈដែលជនសង្ស័យរត់គេចខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចេញល្បាតចាប់យកវត្ថុតាងថ្នាំញៀនចំនួន១២កញ្ចប់ ខណៈដែលជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនបោះចោលរួចជិះម៉ូតូគេចខ្លួនបាត់ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលរត់គេចខ្លួននោះឈ្មោះ ខេង ភារី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលសហការជាមួយនគរបាលប៉ុស្តិ៍ចេញល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះតាមបណ្តោយផ្លូវជាតិលេខ៤១ ខណៈល្បាតដល់ចំណុចខាងលើក៏បានជួបជនសង្ស័យកំពុងជិះម៉ូតូ ។ ភ្លាមៗនោះជនសង្ស័យបានបោះវត្ថុតាងថ្នាំញៀនចោលទៅលើដី រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីចាប់យកវត្ថុតាងថ្នាំញៀនចំនួន១២កញ្ចប់រួចមក លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងការសម្របសម្រួលនីតិវិធីច្បាប់ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះធ្វើការឆែកឆេរលំនៅឋានជនសង្ស័យស្នាក់នៅ ដោយមានការសហការពីអាជ្ញាធរ និងម្ចាស់ផ្ទះ សមត្ថកិច្ចនគរបាលបានឈានដល់ ដកហូតឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ដើម្បីកសាងសំណុំរឿង និងសាវតាជាតិជនសង្ស័យ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ស្អាងជ័យ

se (3) se se (1) se (2)


ចែករំលែក៖