ព័ត៌មានទាន់ហេតុការណ៍៖

នយោបាយថៃបង្កើនកម្តៅដោយការពន្យារពេលបោះឆ្នោតបន្តទៀត

ចែករំលែក៖

ការសម្រេចរបស់រដ្ឋាភិបាលយោធាថៃមានន័យថា ការបោះឆ្នោត ជ្រើសរើសមេដឹកនាំនៅក្នុងប្រទេសនេះ ត្រូវបានពន្យារពេលជាថ្មីម្តងទៀត ក្រោយពេលពន្យារជាច្រើនឆ្នាំមកហើយ នៅតែមិនអាចឈានដល់ការបោះឆ្នោតបាន។

គណៈកម្មការបង្កើតច្បាប់ថៃ បានអនុម័តទៅលើសេចក្តីសម្រេចអនុញ្ញាតឲ្យការបោះឆ្នោតពន្យារពេលបន្ថែម៩០ថ្ងៃទៀត។ ដូច្នេះ ការបោះឆ្នោតដែល គ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រូវពន្យាររហូតដល់ឆ្នាំ២០១៩ឯណោះ។

ក្រោយការធ្វើរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីឆ្នាំ២០១៤ រដ្ឋាភិបាលយោធាថៃ បានប្រកាសថានឹងបោះឆ្នោតនៅឆ្នាំ២០១៥ ប៉ុន្តែក្រោយមកត្រូវបានពន្យារពេល ដើម្បីកែទម្រងច្បាប់ថ្មី។ ប៉ុន្មានឆ្នាំមកនេះ ការបោះឆ្នោតបានពន្យារពេលជាបន្តបន្ទាប់ ដោយមូលហេតុផ្សេងៗគ្នា។

គណៈកម្មការបង្កើតច្បាប់ជាតិបាននិយាយថា «ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីគណបក្សនយោបាយត្រៀមលក្ខណៈ»។ ប៉ុន្តែគណបក្សធំៗទាំង២នៅក្នុងប្រទេសនេះ គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សភឿថៃ ជាគូប្រកួតប្រជែងនឹងគ្នា បានថ្កោលទោសដល់ការសម្រេចពន្យារពេលបោះឆ្នោតនេះ។ មន្ត្រីតំណាងការបរទេសអាមេរិក និងអឺរ៉ុបក៏បានថ្កោលទោសដល់ការពន្យារពេលបោះឆ្នោតនោះដែរ។

កាលពីសប្តាហ៍កន្លងទៅ បើទោះបីមានច្បាប់ហាមប្រាមប្រមូលផ្តុំគ្នាក្នុងគោលដៅនយោបាយ ប៉ុន្តែនៅមានពលរដ្ឋរាប់រយនាក់ដង្ហែក្បួននៅកណ្តាលទីក្រុងបាងកកទាមទារឲ្យរដ្ឋាភិបាលយោធា អនុវត្តដូចអ្វីដែលបានគ្រោងទុក មិនត្រូវពន្យារពេលទៀតនោះឡើយ។ ប៉ូលិសថៃបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត រាល់សកម្មភាពរបស់ក្រុមបាតុករ ប៉ុន្តែមិនបានរារាំងដល់ការធ្វើបាតុកម្មនោះដែរ។

អតីតនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វាចាជីវ៉ា បានឲ្យដឹងថា លោកពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលពីការសម្រេចចិត្តរបសើរាជរដ្ឋបាលភិបាល។ ការសម្រេចខាងលើរបស់រដ្ឋាភិបាលយោធា គឺជាការចង់បានរបស់យោធា ដើម្បីត្រៀមក្នុងការបោះឆ្នោតបានល្អជាងនេះ ដោយយោធានឹងមានតំណាងចូលរួមនៅក្នុងការបោះឆ្នោតខាងមុខ។ ប៉ុន្តែសកម្មភាពខាងលើនឹងធ្វើឲ្យអសន្តិសុខកាន់តែកើនឡើង និងបាត់បង់ទំនុកចិត្តទៅលើរដ្ឋាភិបាល។ កន្លងមកប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយថា នាយករដ្ឋមន្ត្រីថៃ នឹងចូលរួមនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ប៉ុន្តែលោកមិនដែលបដិសេធ ឬទទួលស្គាល់នោះឡើយ។

នៅពេលនេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Sansern Kaewkamnerd បានបញ្ជាក់ថា ការពន្យារពេលបោះឆ្នោត ឬក៏រៀបចំការបោះឆ្នោត មិនស្ថិតនៅលើការសម្រេចរបស់រដ្ឋាភិបាលនោះឡើយ។

លោកបន្តទៀតថា «រដ្ឋាភិបាលមិនបានព្យាយាមអូសបន្លាយពេលវេលាដឹកនាំប្រទេសឡើយ ប៉ុន្តែការពន្យារពេលបោះឆ្នោតនោះ គឺជាការសម្រេចរបស់គណៈកម្មការបង្កើតច្បាប់ជាតិ។ ការពន្យារពេលបោះឆ្នោតនេះ មិនធ្វើឲ្យប៉ះពាល់នោះឡើយ ដោយការពន្យារពេលតែ៣ខែប៉ុណ្ណោះ»៕ ម៉ែវ សាធី


ចែករំលែក៖