ព័ត៌មានទាន់ហេតុការណ៍៖

នរៈ សិរីវិទ្យាត្រៀមវាយលុកការងារជាពិធីករក្រោយលេចធ្លោការងារសម្តែងច្រៀងនិងបង្ហាញម៉ូដ

ចែករំលែក៖

ភ្នំពេញ៖តារាសម្តែងចម្រៀងនិងបង្ហាញម៉ូដលោក នរៈ សិរីវិទ្យាបានប្រកាសថាលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការវាយលុកទីផ្សារការងារជាពិធីករបន្តទៀតក្រោយលោកកាន់តែលេចធ្លោជាមួយនឹងការងារសិល្បៈកន្លងមក។ ការប្រកាសនេះគឺក្នុង កម្មវិធីខួបកំណើតគម្រប់២៣ឆ្នាំរបស់ខ្លួននៅភោជនីយដ្ឋានវីហ្វ្រេនកាលពីចុងសប្តាហ៍មុននេះក្រោមវត្តមានសិល្បករប្រមាណ ជាង១០០នាក់។

ក្រោយ ប្រឡូកក្នុងវិស័យសិល្បៈជាង៤ ឆ្នាំ នរៈ សិរីវិទ្យាទើបនឹងបង្ហាញមុខក្នុងការសម្តែងជាមួយនឹងបទចម្រៀងមួយចំនួន របស់ផលិតកម្មថោន។ តារាសម្តែងរូបនេះក៏បាននិងកំពុងលេចធ្លោខ្លាំងនូវការងារសិល្បៈមួយចំនួនធំរួមទាំងការងារមនុស្សធម៌ក្នុងបុព្វហេតុសង្គមផងដែរ។ ការសម្តែងនិងច្រៀងមួយចំនួននៅលើកញ្ចក់ទូរទស្សន៍បានធ្វើឲ្យ នរៈ សិរីវិទ្យាទទួលបានការគាំទ្រពីទស្សនិកជន។ ថ្មីៗនេះមានការងារសង្គមជាច្រើនដែលតារាសម្តែងវ័យ២៣ឆ្នាំរូបនេះស្ម័គ្រចិត្តជួយដល់សង្គមដូចជាការចុះអប់រំផ្សព្វផ្សាយកម្មវិធីអប់រំបញ្ហាសុខភាពនៅតាមគ្រឹះស្ថានសិក្សាតំបន់រោងចក្រដែលមានកម្មករកម្មការិនីកាត់ដេរនិងសហគមន៍នានាផងដែរ។ កាន់តែធ្វើឲ្យគេសម្លឹងមើលឃើញពីភាពជោគជ័យកាន់តែច្បាស់ក្នុងពេលដ៏ខ្លីខាងមុខក្រោយពីតារាវ័យក្មេងរូបនេះបានចុះកិច្ចសន្យាសម្តែងនិងបង្ហាញម៉ូដជាមួយផលិតកម្ម ថោន(Town)និងក្រុម បង្ហាញម៉ូដ Sun Super Models។

តារាសម្តែងក្នុងខ្សែភាពយន្តអប់រំរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជារឿង “ក្របីរាល” រូបនេះបញ្ជាក់ថា ការងារសិល្បៈរបស់លោកបាននិងកំពុងបោះជំហានទៅមុខយ៉ាងល្អ ទាំងការសម្តែង បង្ហាញម៉ូដ និងការច្រៀង ហើយបើទោះបីជាមិនទាន់ដល់ចំណុចកំពូលក្តីក៏តារាប្រុសរូបនេះនៅមិនទាន់បោះបង់ក្តីសុបិនចោលនៅឡើយ។ មិនត្រឹមតែមិនបោះបង់ក្តីសុបិនទេលោកកាន់តែព្យាយាមកាន់តែខ្លាំងដោយការពង្រឹងសមត្ថភាពឲ្យស្របទៅនឹងតម្រូវការទីផ្សារការងារសិល្បៈបច្ចុប្បន្ន ពិសេសលោកកំពុងតែសំងំហ្វឹកហាត់ជាមួយអាជីបថ្មីគឺការងារជាពិធីករដែលលោកនឹងឈោងចាប់ការងារថ្មីនៅស្ថានីយទូរទស្សន៍ថ្មីមួយផងដែរ។ លោកបញ្ជាក់ថាបើទោះបីជាមានការលំបាកខ្លះមែនក៏ការងារជាពិធីករហាក់មិនសូវចោទជាបញ្ហាធ្ងន់ធ្ងរសម្រាប់លោកឡើយព្រោះតែលោកទទួលបានការណែនាំច្រើនពីអ្នកផលិតកម្មវិធី និងរៀមច្បងជើងចាស់ហើយលោកក៏ធ្លាប់សាកល្បងក្នុងកម្មវិធីមួយចំនួនកន្លងមកដែរដូចជាកម្មវិធីអប់រំសុខភាពតាមបណ្តារោង ចក្រ សហគ្រាសនានាកន្លងទៅ។ តារា សម្តែងរូបនេះមិនទាន់បញ្ជាក់ថាកម្មវិធី ដែលលោកនឹងទៅកាន់ការងារជាពិធីករនៅពេលខាងមុខនេះគឺក្នុងកម្មវិធីប្រភេទណានៅឡើយ។ ប៉ុន្តែលោកថាជាការងារដែលលោកស្រលាញ់ចូលចិត្តខ្លាំង។

អតីតយុវជនស្ម័គ្រចិត្តសម្រាប់អង្គការរ៉ាក់រូបនេះបញ្ជាក់ដែរថា បច្ចុប្បន្នលោកក៏មមាញឹកច្រើនជាមួយនឹងការសម្តែង ច្រៀង ពិធីករនិងថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយចំនួនផងដែរហើយលោករំពឹងថា កិច្ចការងារជាច្រើនបន្តបន្ទាប់នឹងអាចធ្វើឲ្យលោកកាន់តែមានជំហររឹងមាំក្នុងអាជីពជាអ្នកសិល្បៈ។ ការរីកចម្រើននេះហើយដែលធ្វើឲ្យលោកសម្រេចរៀបចំកម្មវិធីជប់លៀងជួបជុំអ្នករួមអាជីពដើម្បីជាការជួបជុំកម្សាន្តបង្កើនភាពស្និទ្ធស្នាលកាន់តែខ្លាំងផងដែរ ហើយលោកក៏នឹងគ្រោងរៀបចំកម្មវិធីខួបកំណើតនេះឲ្យកាន់តែធំប្រសិនបើការងារសិល្បៈរបស់លោកមានសន្ទុះកាន់តែល្អប្រសើរខ្លាំងជាងនេះ៕ វឌ្ឍនា

aew-1 aew


ចែករំលែក៖