ព័ត៌មានទាន់ហេតុការណ៍៖

នាងវ័យ២១ឆ្នាំជិះម៉ូតូដល់កន្លែងស្ងាត់បុរសអាយុ២៤ឆ្នាំស្ទាក់ទាញដៃចូលព្រៃ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីមានការសង្ស័យថា បុរសរូបនេះប៉ងប្លន់ម៉ូតូនារីវ័យ២១ឆ្នាំ និងសង្ស័យប៉ងរំលោភនោះផង។

បើតាមរបាយការណ៍សមត្ថកិច្ចនគរបាលស្រុកសំរោងទងបានឲ្យដឹងថា កាលពីវេលាម៉ោង៦ និង២០នាទីព្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មានករណីបុរសម្នាក់បានធ្វើសកម្មភាពស្ទាក់ចាប់នារីវ័យ២១ឆ្នាំម្នាក់ អូសចូលទៅក្នុងព្រៃ នៅចំណុចព្រៃទំលាប់ ភូមិដីក្រហម ឃុំរកាកោះ ស្រុកសំរោងទង ខណៈដែលនារីរងគ្រោះចេញពីធ្វើការរោងចក្រនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ត្រឡប់ទៅផ្ទះវិញ។

របាយការណ៍ដដែលបានបន្តថា នារីរងគ្រោះឈ្មោះ លាក់ រតនា អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រីងទេក ឃុំរកាកោះ រីឯជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ អឿន វិសាល ហៅអេម អាយុ២៤ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំរកាកោះ។

បើតាមនារីរងគ្រោះបាននិយាយថា មុនពេលកើតហេតុនាងបានជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J- 9417 ចេញពីរោងចក្រនៅភូមិវាលវង់ ឃុំសែនដី ក្នុងបំណងវិលត្រឡប់ទៅផ្ទះ។ លុះពេលមកដល់ចំណុចចម្ការព្រៃទំលាប់ ក្នុងភូមិដីក្រហម ស្រាប់តែលេចមុខជនសង្ស័យចេញពីកម្ពោធព្រៃ ស្ទាក់ម៉ូតូរបស់នាង រួចចាប់អូសនាងចូលទៅក្នុងព្រៃចម្ការ ប៉ុន្តែសំណាងគ្រានោះមានអ្នកជិះម៉ូតូមកពីក្រោយធ្វើឲ្យជនសង្ស័យភ័យក៏លែងនារីរងគ្រោះ រួចជនសង្ស័យរត់គេចខ្លួនបាត់តែម្តង។

នារីរងគ្រោះបានបន្តថា បើតាមនាងសន្និដ្ឋាន ជនសង្ស័យអាចមានបំណងមកលើរូបនាងពីរយ៉ាង ទី១.បំណងចាប់នាងរំលោភ រួចក្រោយពីរំលោភជនសង្ស័យ ទី២.អាចប្លន់យកម៉ូតូ ហើយប្រសិនបើមិនមានអ្នកជិះម៉ូតូមកពីក្រោយនោះទេ ជីវិតនាងអាចស្លាប់ក៏ថាបាន បើហ៊ានតដៃជាមួយនឹងជនសង្ស័យ។

ក្រោយពីមានករណីនេះកើតឡើង នារីរងគ្រោះបានទៅប្តឹងសមត្ថកិច្ចនគរបាលស្រុក ទើបនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើបានតែម្តង។

ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាមានបំណងចាំស្ទាក់ប្លន់យកម៉ូតូរបស់នារីរងគ្រោះនោះពិតប្រាកដមែន តែមិនមានបំណងអ្វីផ្សេងក្រៅពីនេះទេ។

ផ្អែកតាមចម្លើយសារភាពជនសង្ស័យ សមត្ថកិច្ចនគរបាលស្រុកបានបញ្ជូនជនសង្ស័យទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕ សេនា ស័ក្តិ


ចែករំលែក៖