ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនិយ៍ម៉ក់ ជីតូ ព្រមាន ដកមន្ត្រីនគរបាលចេញពីក្របខ័ណ្ឌ បើរកឃើញពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន និងនៅពីក្រោយក្នុងរឿងនេះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានព្រមាន ដកមន្ត្រីនគរបាលរូបណា ដែលជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងដាក់ទណ្ឌកម្មទៅតាមផ្លូវច្បាប់ ។

ការព្រមាននេះ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារនគរបាល ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០១៩ នៅក្នងស្នងការនគរបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍ នៅក្នុងពិធីប្រកាសផ្លាស់ប្តូរតួនាទី ភារកិច្ច និងតម្លើងឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជិត២០រូប។

នៅក្នុងពិធីនេះផងដែរ នាយឧត្តសេនីយ៍ ម៉ក់ ជីតូ បានព្រមានដល់មន្ត្រីនគរបាលណា ដែលធ្វើជាខ្នងបង្អែក ដល់អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមន្ត្រីនគរបាល ដែលសេព ប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន ត្រូវតែដកខ្លួនចេញ ហើយបញ្ឈប់ជាបន្ទាន់ ។ បើពុំនោះទេករណីរកឃើញថា មន្ត្រីនគរបាលរូបណា នៅតែជាប់ជំពាក់នៅក្នុងបទល្មើសគ្រឿងញៀន ក៏ដូចជាលែងល្បែងពាលា អាវាសែ នានា និងមិនគិតពីផលប្រយោជន៍ ធ្វើឲ្យប៉ះពាល់ សេចក្តីថ្លៃថ្នូរដល់ក្របខ័ណ្ឌនគរបាលជាតិ រួមទាំងមិនបំពេញតួនាទីខ្លួនមិនបម្រើពលរដ្ឋ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងដាក់ទោសទៅតាមច្បាប់គ្រឿងញៀននៅកម្ពុជា ។

នៅក្នុងពិធីបិទសន្និបាត ក៏មានការប្រកាសសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដល់មន្រ្តីនគរបាល មានមន្ត្រីនគរបាល១៨រូប ត្រូវបានផ្លាស់ប្តូរ តួនាទី ភារកិច្ច និងតម្លើងឋានន្តរស័ក្តិ គឺថ្នាក់ឧត្តមសេនីយ៍ត្រី ២រូប ថ្នាក់វរៈសេនីយ៍ឯក ៤រូប ថ្នាក់វរៈសេនីយ៍ទោ ៦រូប ថ្នាក់អនុសេនីយ៍ឯក ២រូប និងថ្នាក់អនុសេនីយ៍ទោ ៤រូប នៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង៕ មាស សុផាត


ចែករំលែក៖