ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ កំពុងជិះម៉ូតូត្រូវចោរឆក់កាបូបបានសម្រេចនៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះគេសង្កេតឃើញ ក្រុមចោរឆក់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋតាមផ្លូវសាធារណៈ បានកើនឡើងក្នុងមូលដ្ឋានខណ្ឌទួលគោក ហើយតែងតែបង្កហិង្សាទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ និងមានអ្នកស្លាប់ផងដែរ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋងាយឆ្ងល់នោះ គឺសមត្ថកិច្ចមិនងាយចាប់បានក្រុមចោរឆក់ទាំងនោះឡើយ បើទោះជាស្គាល់អត្តសញ្ញាណក៏ដោយ ។

ជាក់ស្តែងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នារីម្នាក់ ត្រូវបានក្រុមចោរជំនាញ មកធ្វើសកម្មភាពឆក់យកកាបូបយួររបស់នាងបានសម្រេច ខណៈដែលរូបនាងកំពុងជិះម៉ូតូនៅម្តុំស្ពានអាកាស៥មករា ផ្លូវសហពន្ធ័រុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដោយសម្ភារបាត់បង់នៅក្នុងកាបូបនោះមាន៖ ទូរស័ព្ទដៃមួយគ្រឿង លេបថបមួយគ្រឿង និងប្រាក់ខ្មែរ និងប្រាក់ដុល្លារមួយចំនួនផងដែរ ។

តាមសម្តីនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានជិះម៉ូតូទៅប្តឹងសមត្ថកិច្ចប៉ុស្តី៍ទឹកល្អក់ទី១ ទាំងទឹកភ្នែកហូរមិនឈប់ថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាអាយខុន ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1BW-2116 ចេញពីផ្ទះគោលបំណងទៅសាលារៀន លុះដល់ចំណុចម្តុំស្ពានអាកាស៥មករា ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមកក្បែរនារីរងគ្រោះខាងលើហើយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីរូបនាងបានសម្រេចហើយជនសង្ស័យដែលមិនស្គាល់អត្តសញ្ញាណខាងលើបានជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ក្រោយពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូទាំងទឹកភ្នែករលីងរលោងមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកល្អក់១ ឲ្យជួយអន្តរាគមន៍តាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ស តារា


ចែករំលែក៖