ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ ត្រូវចោរឆក់កាបូប តែមិនបានសម្រេច បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថាករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមងដផ្លូវ បានកើនឡើងមិនថាយប់ថ្ងៃ ក្រុមចោរទាំងនោះតែងតែចេញមកធ្វើសកម្មភាពឆក់ពលរដ្ឋដោយមិនខ្លាចសមត្ថកិច្ចបង្ក្រាបនោះឡើយ ហើយភាគច្រើនឆក់បានសម្រេចនិងបង្កឲ្យពលរដ្ឋរងរបួសធ្ងន់ស្រាល ខ្លះអាចបាត់បង់ជីវិតផងដែរ ។

ជាក់ស្តែងកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចម្តុំគល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីឆក់កាបូបតែមិនបានសម្រេច បណ្ដាលឲ្យនារីម្នាក់ ដួលបោកក្បាលទៅនិងថ្នល់រងរបួសធ្ងន់រហូតសន្លប់ស្តូកស្តឹង ហើយត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកតាមរ៉ឺម៉កម៉ូតូ យកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ ដោយមិនបានដាក់ពាក្យបណ្តឹងអ្វីនោះឡើយ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពាក់ស្លាកលេខ ភ្នំពេញ 1GN -2698 តាមបណ្តោយផ្លូវលេខ២១៧ ក្នុងបំណងទៅផ្ទះ ស្រាប់តែជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលិចមុខជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះតែមិនបានសម្រេច បណ្តាលឲ្យនាងដួលបោកទៅនិងថ្នល់សន្លប់ស្តូកស្តឹងតែម្តង ។បន្ទាប់ពីកើតហេតុមួយសន្ទុះក្រោយមកដឹងខ្លួនឡើងវិញ ប្រជាពលរដ្ឋក៏ជួយទូរស័ព្ទហៅសាច់ញាតិក្រុមគ្រួសារមកដឹកតាមរ៉ឺម៉កម៉ូតូ យកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹងនោះឡើយ ៕ស តារា


ចែករំលែក៖