ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់បើករថយន្ដព្រូសទៅបុករបាំងថ្មពុះចែកទ្រូងផ្លុវខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ទំនងចេញពីកម្មវិធីអ្វីមួយ បានបើករថយន្ដមួយគ្រឿងម៉ាកព្រូស ជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតចំនួនមួយកង់ ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌចំទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AC-2376 ដែលបើកបរដោយនារីម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតមួយកង់ ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។

ប្រភពបានបន្តថា ក្រោយពីកើតហេតុនារីដែលជាអ្នកបើកបររថយន្ដបង្កត្រូវបានរថយន្ដសេរីទំនើបមួយគ្រឿងទៀតមកដឹកចេញពីកន្លែងកើតហេតុបាត់ បន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ ។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុទំនាក់ទំនងទៅកម្លាំងជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែង ស្ទូចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖