ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងជនជាតិចិន២នាក់ ត្រូវចោរឆក់កាបូបស្ពាយបានសម្រេច នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបស្ពាយនារីស្រស់ស្អាតជនជាតិចិនវ័យក្មេង ២នាក់ បានសម្រេចហើយរត់គេចខ្លួនដោយសុវត្ថិភាព ។

ករណីឆក់កាបូបខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃសុក្រ ១០កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ១៧៨ កែងនឹងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីអ្នកបកប្រែភាសាចិននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគឺមានជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកធ្វើសកម្មភាពឆក់កាបូបនារីជនជាតិចិនម្នាក់ រួមដំណើរជានារីជនជាតិចិនម្នាក់ទៀត បានសម្រេចហើយគេចខ្លួនដោយសុវត្ថិភាព ។ សម្ភារៈបាត់បង់នៅក្នុងកាបូបនោះមាន៖ ទូរស័ព្ទដៃមួយគ្រឿង ;លុយជាង១០០ដុល្លារ ; ប៉ាស្ព័រចំនួន១ និងវត្ថុមានតម្លៃមួយចំនួនផងដែរ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ធ្វើការនាំនារីជនជាតិចិនខាងលើធ្វើការទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលជ័យជំនះ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងរកមុខសញ្ញាយកមកផ្ដន្ទាទោសតាមច្បាប់ ៕ស តារា


ចែករំលែក៖