ព័ត៌មានទាន់ហេតុការណ៍៖

នារី២នាក់បើកម៉ូតូឌុបគ្នាបញ្ច្រាស់ផ្លូវបុកជាមួយរថយន្តស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ នារី២នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈបើកម៉ូតូឌុបគ្នាបញ្ច្រាស់ផ្លូវ បានបុកជាមួយរថយន្តមួយគ្រឿងបើកដោយល្បឿនលឿន នៅវេលាម៉ោង២៣និង១០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចផ្សារដើមមៀន តាមបណ្ដោយផ្លូវលេខ២០៦ ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា នារីរងគ្រោះស្លាប់មាន២នាក់ ពុំស្គាល់អត្តសញ្ញាណ ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CY-8027 ។ចំណែកអ្នកបើកបររថយន្តឈ្មោះ តារា រតនា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បើករថយន្តម៉ាកម៉ាកLexus ពណ៌សក្រម៉ៃ ពាក់ស្លាកលេ ខ កណ្ដាល 2D-5767 ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញនារីរងគ្រោះទាំង២នាក់បើកបរម៉ូតូឌុបគ្នា ក្នុងទិសដៅពីជើងទៅត្បូង ដោយបើកបរបញ្រ្ចាស់ផ្លូវ លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយរថយន្តខាងលើពេញមួយទំហឹង ដែលរថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បណ្ដាលឲ្យនារីរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតទាំង២នាក់ ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ចុះមកអន្តរាគមន៍កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្ត និងរថយន្តទុក និងធ្វើការវាស់វែងកសាងឯកសារយកមធ្យោបាយពាក់ព័ន្ធ និងនាំខ្លួនអ្នកបើករថយន្តយកមកអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះអ្នកសាកសពនារីរងគ្រោះទាំង២នាក់ សមត្ថកិច្ចយកទៅតម្កល់ទុករងចាំសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចឲ្យដឹងថា ករណីខាងលើនេះ គឺបណ្ដាលមកពីអ្នកបើកម៉ូតូ បើកបញ្រ្ចាស់ផ្លូវ ចំណែកឯអ្នកបើករថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ៕ ស្អាងជ័យ


ចែករំលែក៖