ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្នាជក់ថ្នាំញៀនក្រោមផ្ទះ ឪពុកម្តាយនិយាយមិនស្តាប់ប្តឹងនគរបាលឲ្យឃាត់ខ្លួន

ចែករំលែក៖

កណ្តាល: កូនប្រុសដែលឈ្លក់នឹងគ្រឿងញៀនមួយក្រុមត្រូវឪពុកម្តាយ និយាយទូន្មានមិនស្តាប់ ក៏ដាច់ចិត្តប្តឹងឲ្យនគរបាលប៉ុស្តិ៍ភូមិធំ ឃាត់ខ្លួន យកទៅ អប់រំ និងផ្តន្ទាទោសតាមច្បាប់ ។

ការឃាត់ខ្លួនក្មេងប្រុសឈ្លក់នឹងថ្នាំញើននេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង១០នាទី ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកវរសេនីយ៍ ប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនតាមបណ្តឹងឪពុកម្តាយមាន៣នាក់ ទី១-ឈ្មោះ ប៊ុន ធឿនប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ, ទី២-ឈ្មោះ សួន ស៊ីណាត ភេទប្រុស២២ឆ្នាំ មុខរបរកសិករ និងទី៣-ឈ្មោះ ពិន ពិទូ ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំង៣រស់នៅភូមិកោះប្រាក់ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយពីទទួលពាក្យបណ្តឹងពីឪពុកម្តាយរបស់ពួកគេសមត្ថកិច្ចរឹបអូសវត្ថុតាងមួយចំនួនមាន កញ្ចប់ថ្នាំញៀន ប្រើប្រាស់រួច ចំនួន១, ដែកកេះ ចំនួន២, ដបទឹកសុទ្ធ ចំនួន១និងកញ្ចប់បារីMEVIUS ១កញ្ចប់។

លោកអធិការបានបន្តថា មុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ បានចុះល្បាតក្នុងភូមិសាស្ត្រពេលនោះ មានឪពុកម្តាយរបស់ជនសង្ស័យឈ្មោះពិន ពិទូបានរាយការណ៍ថា កូនរបស់ខ្លួនកំពុងប្រើប្រាស់គ្រឿងញៀន នៅក្រោមផ្ទះរបស់គាត់ ភ្លាមនោះនគរបាលប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ឃើញជនសង្ស័យកំពុងប្រើប្រាស់សារធាតុញៀនមែនរួចក៏បានឃាត់ខ្លួន ជនសង្ស័យទាំង ៣នាក់មកប៉ុស្តិ៍ដើម្បីសួរនាំនិងបញ្ជូនមកអធិការដ្ឋានបន្តចាត់ការតាមនីតិវិធីច្បាប់តែម្តង ៕ ប្រាថ្នា


ចែករំលែក៖