ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្នាមកពួនសម្ងំប្រើប្រាស់ និងចែកចាយថ្នាំញៀនក្នុងផ្ទះជួល ត្រូវសមត្ថកិច្ចព័ទ្ធចាប់៥នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្រុមជនសង្ស័យប្រើប្រាស់ និងចែកចាយថ្នាំញៀនចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយ សមត្ថកិច្ចនគរបាលខេត្តព័ទ្ធចាប់បាន នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងក្នុងពេលដែលក្រុមជនសង្ស័យទាំង៥នាក់ បានធ្វើសកម្មភាព ចែកចាយ និងប្រើប្រាស់ សារធាតញៀន កាលពីវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន នោះ ១.ឈ្មោះ ម៉ាត់ អ៊ុលវី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំអណ្ដូងស្នាយស្រុករលាប្អៀរ ២.ឈ្មោះ សឿន ធារ៉ា ភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅភូមិឃុំជ្រៃបាក់ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ៣.ឈ្មោះ ម៉ន ភារ៉េន ប្រុសអាយុ១៨ ឆ្នាំមានទីលំនៅភូមិឃ្លៃឃុំជ្រៃបាក់ ៤.ឈ្មោះ សំណាង សេងឌី ភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅភូមិជារៅឃុំរលាប្អៀរស្រុករលាប្អៀរ និង ៥.ឈ្មោះ យូ ឡង់ ភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅភូមិអណ្ដូងច្រុះឃុំជ្រៃបាក់ស្រុករលាប្អៀរ ។

វត្ថុតាងដែលបានដកហូតបានរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក៤កញ្ចប់ ក្នុងនោះមាន១កញ្ជប់ធំ ម៉ូតូ០២គ្រឿងទូរស័ព្ទ ០៣ គ្រឿង ប្រាក់ចំនួន៩ ម៉ឺនរៀល និង ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

សមត្ថកិច្ចបានអោយដឹងថា ក្រុមជនសង្ស័យគឺជាមុខសញ្ញា ដែលសមត្ថកិច្ចបានតាមដាន ក្នុងថ្ងៃកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ស្តីពីសកម្មភាបក្រុមជនសង្ស័យ បានណាត់គ្នាធ្វើសកម្មភាពចែកចាយថ្នាំញៀន នៅក្នុងមូលដ្ឋាននេះ ហើយក៍បានដាក់កម្លាំងព័ទ្ធចាប់តែម្តង ។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖