ព័ត៌មានទាន់ហេតុការណ៍៖

នាំប្រុសមកអុំទូកដល់បន្ទប់ជួលប្តីតាមទាន់ចាក់សោពីក្រៅបានបងប្អូនជួយទាន់រំដោះប្រុសស្នេហ៍ទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្ត្រីវ័យក្មេងម្នាក់ត្រូវបានភាគី ខាងប្តីចោទប្រកាន់ ខណៈដែលខ្លួនជាប់ រវល់ចេញទៅធ្វើការងារនៅឯខេត្តកោះកុង ប្រពន្ធលាត់សារុងនាំសហាយមកអុំទូក ដល់ក្នុងបន្ទប់ ហើយប្តីតាមទាន់ចាក់សោទ្វារពីក្រៅរត់ចេញទៅប្តឹងនគរបាលមក ដល់សហាយបើកទ្វាររត់គេចចេញទៅបាត់បានត្រឹមនាំប្រពន្ធទៅនិយាយគ្នានៅប៉ុស្តិ៍ នគរបាល ។

ប្រពន្ធដែលនាំសហាយមកអុំទូកនៅ ក្នុងបន្ទប់នោះមានឈ្មោះ ឌិន ដានី អាយុ ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់ នៅបន្ទប់ជួលលេខ១៤៨ ជាន់ទី១ ក្នុងភូមិ ព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន ជ័យ មានស្រុកកំណើតនៅភូមិវាលរបង ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង។ ចំណែកប្តីឈ្មោះ ហាស់ សារ៉ូត អាយុ២៥ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ឯខេត្តកោះកុងមានស្រុកកំណើត នៅភូមិ-ឃុំជាមួយគ្នា។ គ្រួសារខាងលើនេះមានកូនប្រុសម្នាក់អាយុជិត២ខួបជា ចំណងអាពាហ៍ពិពាហ៍រស់នៅជាមួយជីដូនឯស្រុកកំណើត ។

សម្តីភាគីខាងប្តីបានឲ្យដឹងថា ខ្លួនត្រូវបានឪពុកម្តាយចាស់ទុំផ្សំផ្គុំឲ្យមានគូស្រករ រៀបការជាមួយស្ត្រីខាងលើនៅឆ្នាំ២០១៥ រហូតមកដល់ពេលនេះមានកូនប្រុសម្នាក់អាយុជិត២ខួបទៅហើយ។ បុរសជាប្តីបន្ត ទៀតថា ក្រោយពីបានគ្នាជាប្តីប្រពន្ធលោកបានចាកចេញពីស្រុកស៊ូឃ្លាតឆ្ងាយពីភរិយា ទៅធ្វើការងារជាជាងដែកជាមួយសាច់ញាតិនៅឯខេត្តកោះកុងសន្សំបានលុយកាក់ បានបន្តិចបន្តួច ទើបបានមកលេងប្រពន្ធនៅស្រុកកំណើតម្តងម្កាល។ រហូតមកដល់ ខែឧសភា ឆ្នាំ២០១៧ ស្ត្រីជាប្រពន្ធបែក គំនិតម្យ៉ាងអផ្សុកចង់រកការងារធ្វើដែរក៏សុំប្តីមករកការងារធ្វើនៅរាជធានីភ្នំពេញតែ មិនប្រាប់ទីតាំងឲ្យស្គាល់ឡើយចង់ជួបមុខគ្នាមានតែណាត់តាមទូរស័ព្ទធ្វើដំណើរទៅជួបគ្នាឯស្រុក។ ទង្វើភរិយាមិនប្រាប់ទីតាំងកន្លែងស្នាក់នៅឲ្យប្តីស្គាល់បែបនេះជារឿងអាថ៌កំបាំងមួយធ្វើឲ្យប្តីងឿងឆ្ងល់ជាខ្លាំង។

ថ្វីបើខ្លួននៅធ្វើការឯនាយក៏ដោយក្តី មន្ទិលសង្ស័យដក់ជាប់ក្នុងបេះដូង សង្គមគ្រួសារមួយគូនេះក្លាយទៅជាប្រេះស្រាំ រង្គោះរង្គើ រកាំរកូសក្នុងគ្រួសារ។ ទីបំផុត នៅថ្ងៃទី២ ខែវិច្ឆិកា ភរិយារបស់លោកឈប់ សម្រាកថ្ងៃបុណ្យអុំទូកហេតុអ្វីបានជាប្រពន្ធខ្លួនប្រាប់ថា ជាប់រវល់មិនបានទៅផ្តល់ភាព កក់ក្តៅឲ្យកូនប្រុសនៅឯស្រុកទៅវិញរួម ទាំងមន្ទិលសង្ស័យផងនោះលោកក៏សម្រេចចេញពីកន្លែងធ្វើការងារមកតាមស៊ើប សួរតាមរយៈមិត្តភក្តិអ្នកធ្លាប់ស្គាល់ដើរ ស្វែងរកបន្ទប់ជួលរបស់ប្រពន្ធខ្លួន។ មិនបានមួយថ្ងៃផងប្រពន្ធលាក់បាំងលែងជិត រកឃើញបន្ទប់ជួលរបស់ប្រពន្ធនៅខាង ក្រោយផ្សារព្រៃទា សង្កាត់ចោមចៅ៣វេលា ម៉ោង១រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។ ហេតុតែចង់ដឹងច្បាស់សុខចិត្តសំកុកអង្គុយ រង់ចាំឃ្លាំមើល ហើយអ្វីដែលឃើញផ្ទាល់ ភ្នែកគឺឃើញបុរសម្នាក់ដើរចូលបន្ទប់ជួល របស់ប្រពន្ធ។ ដោយមានការសង្ស័យលោក ក៏ដើរទៅតាមមើលស្រាប់តែប្រទះឃើញ ​ ពួកគេដេកឱបគ្នាយ៉ាងស្អិតល្មួតដូចស្ករតាំងម៉ែធ្វើឲ្យលោកទ្រាំមិនបានក៏កិបសោជាប់ពីក្រៅរត់ទៅប្តឹងនគរបាលឲ្យជួយធ្វើអន្តរាគមន៍។លុះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ចុះទៅដល់កន្លែងកើតហេតុបុរសដែលភាគីខាងប្តីចោទថា ជាសហាយរបស់ប្រពន្ធ ខ្លួននោះត្រូវបានសាច់ញាតិខាងប្រពន្ធលួចចាក់សោទ្វារឲ្យរត់គេចចេញទៅបាត់ហើយក៏កើតជាទំនាស់សម្តីរវាងប្តីនឹងប្រពន្ធមួយប្រាវទើបនគរបាលនាំភាគីទាំងសងខាងទៅនិយាយគ្នានៅប៉ុស្តិ៍នគរបាលវិញ ។

តែបើតាមភាគីខាងស្ត្រីជាប្រពន្ធវិញ បានឲ្យដឹងថា បុរសដែលចូលមកដេកលេង ក្នុងបន្ទប់ជួលនោះត្រូវជាមិត្តភក្តិស្គាល់គ្នា ក្នុងកម្មវិធីមង្គលការមិត្តរួមការងារនៅឯ ខេត្តកំពង់ស្ពឺស្គាល់គ្នាជាង១ខែទៅហើយ ចំពោះឈ្មោះអត្តសញ្ញាណនាងឆ្លើយថា មិនស្គាល់ទេ។ ស្ត្រីជាប្រពន្ធបានបន្តថា កន្លងមកនៅពេលដែលមានរឿងរកាំរកុសក្នុងគ្រួសារខ្លួនទាមទារឲ្យផ្តិតមេដៃលែងលះគ្នាតែខាងប្តីមិនព្រម ហើយក្រោយពី ឈប់សម្រាកពីការងារនាថ្ងៃបុណ្យអុំទូក ខ្លួនមិនបានទៅស្រុកនោះទេដោយសំអាងថាទើបតែទៅសោះ ម្យ៉ាងអត់មានលុយទៅ ស្រុកមើលកូនទើបសំងំនៅផ្ទះជួល។ លុះ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា មិត្តប្រុសមក លេងចូលដេកសម្រាកក្នុងបន្ទប់ហើយខ្លួនបានដាក់គន្លឹះទ្វារនៅដេកខាងក្នុងតែ២ នាក់មែនតែមិនបានធ្វើអ្វីគ្នាដូចដែលប្តី ចោទប្រកាន់នោះទេគឺបុរសម្នាក់នោះគ្រាន់តែដេកលេងឲ្យស្រួលខ្លួនមុននឹងវិលត្រឡប់ទៅវិញគាប់ជួនប្តីខ្លួនមកដល់ឃើញក៏ចោទ ប្រកាន់តែម្តង ។

តែទោះជាយ៉ាងណាក្តីខាងប្តីនៅតែ ចោទប្រកាន់ថា ប្រពន្ធខ្លួននាំសហាយមក អុំទូកក្នុងបន្ទប់ជួល ទើបគេចវេះពីប្តីមិនរវល់ ទៅផ្តល់ភាពកក់ក្តៅឲ្យកូននៅឯស្រុកសំកុកសំងំសោយសុខជាមួយប្រុសថ្មី ។

ក្នុងការសម្របសម្រួលគ្នានៅប៉ុស្តិ៍នគរបាលក្រោមវត្តមាននគរបាលយុត្តិធម៌បាន ត្រឹមសម្របសម្រួលជៀសវាងកើតមាន ហិង្សាដាក់គ្នាចំពោះរឿងលែងលះយ៉ាង ណានោះមានតែផ្លូវច្បាប់តុលាការទេទើបមានសិទ្ធិសម្រេច។ អស់រយៈពេលជាង១ ម៉ោងភាគីទាំងសងខាងស្រុះស្រួលគ្នាដោយ ស្ម័គ្រចិត្តធ្វើកិច្ចសន្យាផ្ទាល់ខ្លួនមួយជា បណ្តោះអាសន្នហើយរង់ចាំនាំគ្នាទៅស្រុកកំណើតដើម្បីនិយាយគ្នាឲ្យដាច់ស្រឡះ ៕ ហេង នរិន្ទ្រ

ភរិយាដែលក្បត់ចិត្តប្តី និងប្តីពេលសមត្ថកិច្ចសួរនាំនៅប៉ុស្តិ៍នគរបាល


ចែករំលែក៖