ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតសាលាកសិកម្មព្រែកលៀបម្នាក់ស្លាប់ទាំងព្រឹក មូលហេតុគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ និស្សិតសាលាកសិកម្មម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូបុកគ្នាពេញទំហឹង កាលពីថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦និង១៥នាទីព្រឹក ស្ថិតនៅតាមផ្លូវណតប្រ៊ីត (៣០ម៉ែត្រ) ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សៀង មករា ភេទប្រុស អាយុ២៨ឆ្នាំ ជានិស្សិតសាលាកសិកម្មព្រែកលៀប ស្នាក់នៅភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ និង មានស្រុកកំណើតនៅភូមិទី១ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1J-5893 ។ ចំណែកជនរងគ្រោះ ជាភាគីម្ខាងទៀត រងរបួសធ្ងន់ មិនត្រូវបានស្គាល់ឈ្មោះ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី២០១១ ឡើងតែម២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ AV-5693 ។

សាក្សីឲ្យដឹងថា ជនរងគ្រោះ ជិះម៉ូតូសេរី២០១៣ ឆ្លងផ្លូវ ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុបត់ឆ្វេងទៅខាងកើត ស្របពេលនោះ បុរសម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេរី២០១១ បើកបរក្នុងល្បឿនលឿនពីត្បូងទៅជើង ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលស្លាប់ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ ។

សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុបញ្ជូនអ្នករងរបួសទៅសង្រ្គោះ ចំណែកសាកសពម្នាក់ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។
ម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ចាំដោះស្រាយពេលក្រោយ ៕​​ តុង សីហា


ចែករំលែក៖