ព័ត៌មានទាន់ហេតុការណ៍៖

នីស្សាន់ធុនធំ រថយន្តម៉ាកស៊ីណា ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកនីស្សាន់ធុនធំ បានកៀរនិងបុកជាមួយនឹងរថយន្តម៉ាកស៊ីណាពេញទំហឹង បណ្តាលបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ ភ្លាមៗ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃ ពុធ ២ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្រុម៩ ភូមិអូរទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចនគរបាលចរាចរ ស្រុកសង្កែបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តម៉ាកនីស្សាន់ ប្រភេទដឹកទំនិញធុនធំ ពណ៌លាយខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0205 និង ភ្នំពេញ 4A-2001 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីត្បូងមកជើងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តនេះ បានជ្រុលទៅកៀរនឹងរថយន្តម៉ាកស៊ីណា ពណ៌ស ធុនទេសចរណ៍តូច ពាក់ស្លាកលេខ បាត់ដំបង 2C-6878 បណ្តាលឲ្យធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើ និងធ្វើឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់។ ក្រោយកើតហេតុ អ្នកបើកបររថយន្តនីស្សាន់គេចខ្លួនបាត់ ៕ សហការី


ចែករំលែក៖