ព័ត៌មានទាន់ហេតុការណ៍៖

នៅដើមខែសីហារដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើទស្សនកិច្ច៣ប្រទេសនៅក្នុងតំបន់អាស៊ាន

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo នឹងបំពេញទស្សនកិច្ច៣ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលចាប់ផ្តើម នៅថ្ងៃទី១ ខែសីហានេះ ។ តាមគម្រោង លោក នឹងបំពេញទស្សនកិច្ចទៅកាន់ ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង សិង្ហបុរី។

គោលដៅនៃដំណើរទស្សនកិច្ចនោះគឺដើម្បី ពិភាក្សា ពីទំនាក់ទំនងទ្វេភាគី និង បញ្ហាផ្សេងៗក្នុងតំបន់ជាមួយប្រទេសទាំង៣ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុត របស់ អាមេរិកនៅក្នុងតំបន់នេះ។

បើតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដំណើរ បំពេញទស្សនកិច្ចរបស់លោក Pompeo នឹងប្រព្រឹត្តទៅនៅម៉ាឡេស៊ី សិង្ហបុរី និង ឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១ ដល់ទី៥ ខែ សីហាខាងមុខនេះ។ នៅក្រុងគូឡាឡាំពួរ លោក Pompeo នឹងស្នាក់នៅរហូតដល់ ថ្ងៃទី៣ ខែសីហា ដើម្បីជួបជាមួយមន្រ្តីជាន់ខ្ពស់ម៉ាឡេស៊ី ក្រោមគោលដៅពង្រឹងភាពជាដៃគូទ្វេភាគីគ្រប់ជ្រុងជ្រោយ និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចក៏ដូចជាសន្តិសុខរួម នៅក្រោយការផ្លាស់ប្តូររដ្ឋាភិបាលកាលពីពេលថ្មីៗនេះរបស់ម៉ាឡេស៊ី។

ជាមួយគ្នានេះដែរ នាថ្ងៃទី៣និងទី៤ ខែសីហា លោករដ្ឋមន្រ្តីការបរទេសអាមេ រិក នឹងចូលរួមកិច្ចប្រជុំសំខាន់ៗមួយចំនួននៅសិង្ហបុរី ដើម្បីលើកកម្ពស់គោលនយោបាយក្នុងតំបន់របស់សហរដ្ឋអាមេរិក។ ម៉្យាងវិញទៀត លោក Pompeo នឹងចូល ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តី ព្រម ទាំងរដ្ឋមន្រ្តីការបរទេសសិង្ហបុរី ដើម្បីជជែកអំពីទំនាក់ទំនងទ្វេភាគី។

គួរជម្រាបថា សម្រាប់គោលដៅទស្សនកិច្ចចុងក្រោយនៅទីក្រុងហ្សាការតា ចាប់ ពីថ្ងៃទី៤ ដល់ទី៥ ខែសីហា លោក Pompeo ត្រូវគេរំពឹងថា នឹងពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តអាមេរិក-ឥណ្ឌូណេស៊ី ស្របពេលដែលប្រទេសទាំងពីរ កំពុង ឈានទៅរកការអបអរសាទរ ចំពោះគម្រប់ ខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគីនៅឆ្នាំ២០១៩ ខាងមុខ៕ ម៉ែវ សាធី


ចែករំលែក៖