ព័ត៌មានទាន់ហេតុការណ៍៖

បក្សកុម្មុយនីស្តចិនស្នើលុបចោលច្បាប់កំណត់អាណត្តិរបស់ប្រធានាធិបតី

ចែករំលែក៖

គណបក្សកម្មុយនីស្តពេលថ្មីៗបានស្នើសេចក្តីព្រាងច្បាប់ ក្នុងការលុបចោល ច្បាប់កំណត់អាណត្តិរបស់ប្រធានាធិបតី ដែលមិនអនុញ្ញាតឲ្យប្រធានាធិបតីដឹកនាំលើសពីពីរអាណត្តិ។ បើគម្រោងខាងលើ ត្រូវបានអនុម័តនោះ ប្រធានាធិបតីចិន ដែលមានប្រជាប្រិយភាពអាចដឹកនាំប្រទេស២-៣ ឬ៤អាណត្តិអាស្រ័យទៅលើការគាំទ្រ។

គណៈកម្មការមជ្ឈិមរបស់បក្សកុម្មុយនីស្តចិនបានស្នើលុបចោល ច្បាប់កំណត់ អាណត្តិរបស់ប្រធានាធិបតី និងអនុប្រធានាធិបតី ដែលមានតែពីរអាណត្តិ ក្នុងមួយអាណត្តិមាន៥ឆ្នាំ។ នៅក្នុងសេចក្តីប្រកាស ក្រោយកិច្ចប្រជុំក្រសួងនយោបាយ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ រយៈពេល៣ថ្ងៃ បានសម្រេចស្នើដល់សភាសម្រេច នៅក្នុងកិច្ចប្រជុំសភា នាថ្ងៃទី៥ ខែមីនាខាងមុខ។

ចាប់តាំងពីឡើងកាន់អំណាចដឹកនាំប្រទេសចិនកាលពីឆ្នាំ២០១៣ ប្រធានាធិបតីចិន លោកស៊ីជីងពីន បានកែទម្រង់ជាច្រើន។ គណៈកម្មការមជ្ឈិមបក្ស ក៏បានស្នើឲ្យដាក់ចូលទស្សនៈនយោបាយ ស្តីពីសង្គមចម្រុះពណ៌របស់ចិនក្នុងសម័យកាលទំនើបកម្ម ចូលក្នុងរដ្ឋធម្មនុញ្ញ។

ប្រធានាធិបតីចិន ស៊ី ជីងពីនទើបតែជាប់ឆ្នោត ជាប្រធានបក្សកុម្មុយនីស្ត ចិន ជាថ្មីនៅខែតុលា ឆ្នាំ២០១៧ ក្នុងអាណត្តិទីពីរ របស់លោក ហើយនៅក្នុងអាណត្តិនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៣។ ប្រសិនបើសេចក្តីព្រាងច្បាប់ខាងលើត្រូវបានអនុម័តនោះ លោកស៊ី ជីងពីន នឹងក្លាយទៅជាមេដឹកនាំ ដែលមានឥទ្ធិពលបំផុត ចាប់តាំងពីអតីតមេដឹកនាំ ម៉ៅ សេតុង ដែលជាមេដឹកនាំចិន រយៈពេល៣ទសវត្សរ៍។

លោកស៊ី ជីងពីន គឺជាប្រធានាធិបតី ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋចិន ដោយលោកបានអនុវត្តិគោលនយោបាយ ដឹកនាំប្រទេសបានយ៉ាងល្អ ក្នុងនោះមានការកម្ចាត់ពុករលួយដោយមិន ញញើត ទៅលើមន្ត្រីជាន់ខ្ពស់ដែលពុករលួយ ទាំងក្នុងជួរយោធា និង រដ្ឋបាល ៕ ម៉ែវ សាធី


ចែករំលែក៖