ព័ត៌មានទាន់ហេតុការណ៍៖

បង់ក្លាដែសបាញ់សម្លាប់​ខ្មាន់កាំភ្លើងប្លន់យន្តហោះដឹកអ្នកដំណើរ​១៤៨នាក់

ចែករំលែក៖

កម្លាំងសន្តិសុខ បង់ក្លាដែស បានបាញ់សម្លាប់​ខ្មាន់កាំភ្លើង ប៉ុនប៉ងប្លន់យន្តហោះ​ដឹកអ្នកដំណើរ ដល់ទៅ ១៤៨នាក់ ដែលកំពុងធ្វើដំណើរពីប្រទេសបង់ក្លាទៅកាន់ ទីក្រុងឌូបៃ ។

ខ្មាន់កាំភ្លើងមានអាយុ ២៥ឆ្នាំ ជាជនជាតិបង់ក្លាដែស ត្រូវបានកម្លាំងសន្តិសុខ​បាញ់សមា្លប់ ក្រោយយន្តហោះចុះចតនៅអាកាសយានដ្ឋាន ក្នុងទីក្រុង​ Chittagong ​ភាគខាងត្បូង​បង់ក្លាដែស​។ អ្នកដំណើរទាំង​១៤៨នាក់ ត្រូវបានរំដោះចេញពីយន្តហោះដោយសុវត្ថិភាព ​ដោយកម្លាំងទាហានអាកាសនិង ប៉ូលិសប្រឆាំងភេរវកម្ម​។

ក្រុមសន្តិសុខនៅ អាកាសយានដ្ឋាន Chittagong បានឲ្យដឹងថា ក្រោយយន្តហោះចុះចត កម្លាំងសន្តិសុខបាន ឡោមព័ទ្ធភ្លាមៗ ហើយអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចុះពីលើយន្តហោះដោយសុវត្ថិភាព នៅសល់តែជនសង្ស័យជាចោរប្លន់យន្តហោះ និងបុគ្គលិកបម្រើការងារនៅលើយន្តហោះនោះម្នាក់ប៉ុណ្ណោះ ដែលមិនទាន់បានចុះមក។

សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា ជនសង្ស័យមានកាំភ្លើងកាន់នៅហ្នឹងដៃបានធ្វើការបាញ់គំរាមមួយគ្រាប់ និងក្រោយមកក៏បានប្រទាញប្រទង់គ្នាជាមួយពីឡុត ហើយជនសង្ស័យរូបនោះបានស្រែកថា រូបគេចង់ជួបជាមួយនាយករដ្ឋមន្ត្រី បង់ក្លាដែស ដែលទើបជាប់ឆ្នោត។

យន្តហោះខាងលើគ្រោងហោះហើរពីរដ្ឋធានីដាកា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ ប៉ុន្តែវាត្រូវបានចុះចតនៅទីក្រុង Chittagong ។ មន្ត្រីប៉ូលិសបង់ក្លាដែសម្នាក់បញ្ជាក់ថា ខ្មាន់កាំភ្លើងបានស្លាប់ដោយសាររងរបួសធ្ងន់ អំឡុងប្រតិបត្តិការរបស់កងកម្លាំងកុម្មង់ដូ ។ រូបគេមានឈ្មោះ Mahadi អាយុ២៥ឆ្នាំ ប្រដាប់ដោយកាំភ្លើងមួយដើម ។ ប៉ូលិសប្រាប់ឲ្យចុះចាញ់ ទម្លាក់អាវុធ ប៉ុន្តែគេមិនស្តាប់ ។ គេព្យាយាមប្លន់យន្តហោះ ដែលធ្វើដំណើរចេញពីទីក្រុង Dhaka ទៅកាន់ទីក្រុង Dubai ៕


ចែករំលែក៖