ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបឡានដឹកឈើសសរផ្ទះ១៥គ្រឿង រួចទៅវិញ៨គ្រឿង នៅសល់៧គ្រឿង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រ នៅចំណុចផ្លូវបំបែកចំការម៉ៃសាក់ មានក្បួនរថយន្តដឹកឈើគ្រឿងផ្ទះប្រភេទសសរ និងក្តា ចំនួន១៥គ្រឿងមកដល់ចំណុចខាងលើ ត្រូវបានសមត្តកិច្ចចំរុះធ្វើការស្ទាក់បង្ក្រាបចាប់បានចំនួន៧គ្រឿង ៨គ្រឿងត្រូវបានដឹងខ្លួនរត់គេចរួចខ្លួនដោយសុវត្ថិភាព ដោយចេញពីរភូមិវាលដេញ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់
ចំណែករថយន្តដឹកឈើប្រណិតបង្កប់គ្រប់រូបភាព មិនត្រូវបានបង្ក្រាបនោះទេ ព្រោះមានអ្នកមើលផ្លូវពីរមន្ត្រីជំនាញនិងសមត្ថកិច្ចផ្សេងទៀត នៅតាមដងផ្លូវជាហូរហែឃើញហើយមិនបង្ក្រាបបែរជាឆ្លើយថា គេដឹកតិចតួចហើយលឿនៗពេក ឬក៏ថាឈើគ្រឿងផ្ទះទេ ខ្លះទៀតថា ឈើសសេក ឈើអំពិលទឹកបារាំង គ្មានក្នុងច្បាប់រដ្ឋបាលព្រៃឈើឡើយ នេះគ្រាន់តែជាលេះរបស់ជំនាញជាមួយឈ្មួញតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចភ្ញៀវអ្នកធ្វើដំណើរតាមដងផ្លូវ មានការងឿងឆ្ងល់ជាច្រើនថា ការដាក់កុងត្រូលជជុះតាមដងផ្លូវជាតិលេខ៧ និងលេខ៩ ជាប់នឹងគល់ស្ពានមេគង្គ និងស្ពានសេកុងទាំងពីរនេះ ក៏ដូចនគបាលចរាចរណ៍ដាក់ចរាចរណ៍ទាំងយប់ទាំងថ្ងៃ តើដាក់ដើម្បីអ្វី បង្ក្រាបទៅលើបទល្មើសអ្វីខ្លះ ព្រោះគេឃើញបទល្មើសដឹកជញ្ជូនឈើខុសច្បាប់គ្រប់ប្រភេទ និងគ្រប់រូបភាពសំពីងពោង ដឹកខុសបច្ចេកទេស លើដំបូល និងក្រោយឈើលៀនចេញវែងអាចបង្កឲ្យគ្រោះថ្នាក់ជាយថាហេតុ តើនគបាលចរាចរណ៍ផ្លូវគោក និងរដ្ឋបាលព្រៃឈើ បង្កើតមកធ្វើអី បើនាំគ្នាឃុបឃិតជាមួយឈ្មួញ យកលុយក្រោមតុ ដើម្បីប្រយោជន៍គ្រប់គ្នា តើថវិកាជាតិចំណាយទៅលើពួកមន្ត្រីជំនាញខិលខូច មានតែឈ្មោះ គ្មានលទ្ធភាពក្នុងការបង្ក្រាបទប់ស្គាត់ និងការពារព្រៃឈើ និងធនធានធម្មជាតិដូចឈ្មោះនោះឡើយ

ព្រោះគេឃើញថា ការដាក់កុងត្រូលជជុះ ក៏ដូចចរាចរណ៍នៅចំណុចជិតថ្នាលបណ្តុះកូនឈើភ្នំក្រហម ហាក់បីដូចជាគ្មានប្រសិទ្ធភាពក្នុងការបង្ក្រាបនោះទេ ធ្វើគ្រាន់តែឲ្យល្អ និងឆ្លៀតឱកាសនាំគ្នា រកប្រាក់ចំណូល ពុករលួយចូលហោប៉ៅតាមជំនាញដើម្បីប្រយោជន៍ផ្ទាល់ខ្លួនបើកដៃឲ្យឈ្មួញ ធ្វើសកម្មភាពរកស៊ីដឹកជញ្ជូនទាំងយប់ទាំងថ្ងៃតែប៉ុណ្ណោះ មិនដែលឃើញបង្ក្រាប ឬទប់ស្គាត់ឲ្យបានម៉ត់ចត់ច្បាស់លាស់នោះទេ ។

ជុំវិញរឿងនេះ លោកលៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យសារព័ត៌មាននគរវត្តដឹងថាៈ ក្នុងការចុះបង្ក្រាបនេះ មានការសហការពីកម្លាំងកងរាជអាវុធហត្ថខេត្តជាមួយកម្លាំងជំនាញរបស់លោក ទើបឈានដល់ស្ទាក់ឃាត់ចាប់បានរថយន្តចំនួន៧គ្រឿងខាងលើ ចំណែករថយន្តផ្សេងទៀត ត្រូវបានបែកខ្ញែករត់គេចអស់ ។ រថយន្តដែលបង្ក្រាបបាននោះនៅបន្ទាយកងរាជអាវុធហត្ថ យកទៅទុកខ្លះ ហើយខ្លះទៀត យកមកទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខ្លះ ។

លោកបានបញ្ជាក់ថែមទៀតថា សូមឲ្យសារព័ត៌មានយើងបើជួប ឬឃើញបទល្មើសធ្វើចរាចរណ៍លើដងផ្លូវ សូមរាយការណ៍មកលោកដើម្បីឲ្យកម្លាំងរបស់លោកចុះបង្ក្រាបទាន់ពេលវេលា កុំចាំឲ្យរថយន្តនោះទៅហួស ទើបរាយការណ៍ ម្យ៉ាងទៀតបើកូនចៅលោករាយការណ៍ទៅហើយ មិនបង្ក្រាបទេនោះ មិនបាច់ទេ ព្រោះគេនៅមូលដ្ឋានគេបានស្គាល់គ្នាជាមួយឈ្មួញអស់ទៅហើយ។

គួររំលឹកថា ករណីបង្ក្រាបរថយន្តខាងលើនេះ ហាក់បីដូចជាមិនយុត្តិធម៌ទាល់តែសោះ ព្រោះអី ការបង្ក្រាបនេះធ្វើឡើងតាមការនឹកឃើញ ហើយធ្វើនេះបើឈ្មួញមិនប្រាប់ ឬមិនបង់លុយមុនទេ គឺរៀបកម្លាំងពួនស្ទាក់ឃាត់ចាប់ទាំងមនុស្ស ទាំងរថយន្តដាក់ពន្ធនាគារ ជាបន្តបន្ទាប់ដោយយកមាត្រាទី៩៨ ដើម្បីដាក់បន្ទុកមកលើជន ដែលត្រូវចោទ ដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺ អ្នកមានលុយ មានខ្សែ ឬខ្នងធំ មិនត្រូវបានជាប់ទោសទណ្ឌនោះទេ ឬក៏ជាប់តែមួយចំអិនកំពិសតែប៉ុណ្ណោះ(Sic)។

ព្រោះមន្ត្រីជំនាញទាំងនោះ គឺជាទ្រូប្រើសពីរ ត្រីចុះក៏ត្រូវ ត្រីឡើងក៏ត្រូវ មិនខុសពីត្រីងៀតឆ្លៀតពង ត្រីជាប់មងឆ្លៀតបណ្តើរកូន ។ ពួគគាត់ពុំសូវយកច្បាប់មកអនុវត្តន៍តាមច្បាប់ដែលបានកំណត់ឲ្យ ទើបបណ្តោយឲ្យឈ្មួញដឹកជញ្ជូនឈើទាំងយប់ ទាំងថ្ងៃមិនថា ម៉ូតូ និងរថយន្តដឹកសំញ៉ែងឬបិទជិតបង្កប់ឈើប្រណីត រួមទាំងទូកផងដែរ សុទ្ធតែសមត្ថកិច្ច និងជំនាញខាងបង្ក្រាបព្រៃឈើទាំងអស់នោះដឹងទាំងអស់ ឈ្មួញមិនហ៊ានចន្លោះនោះទេ ដឹកកាត់មុខស្នាក់ការក៏ដោយ ក៏ពួគគាត់ធ្វើមិនឃើញដែរ ធ្វើនេះ គ្រាន់តែឲ្យល្អមើលទេ ពេលខ្លះលាក់បាំងមិនបានផ្តល់ព័ត៌មានឲ្យបានលម្អិត ដើម្បីបញ្ជាក់ភាពស្អាតស្អំឲ្យសាធារណជនបានដឹងច្បាស់លាស់ បើមិនដូច្នេះទេ ព្រោះខ្លាចបែកឆ្នាំងបាយចាស់ធ្លាប់ចេញលូក ចូលលូករបស់ពួគគាត់៕ សុផាត


ចែករំលែក៖