ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​២​នាក់​ ដែល​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​នៅ​កោះ​ពេជ្រ​ ទៅ​តុលាការ​

ចែករំលែក៖

ភ្នំពេញ​ ៖​ មេខ្លោង​ជួញដូរ​គ្រឿងញៀន​២​នាក់​ ដែល​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​នៅ​ក្នុង​ទឹកដី​កោះ​ពេជ្រ​ ត្រូវ​បាន​បញ្ជូន​ ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​។ លោក​ឧត្តមសេនីយ៍ទោ​ អុិន​ សុង​ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ថ្លែងបែបនេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០២០​។

​សូមបញ្ជាក់ថា៖ កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី​ ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២០​ កម្លាំង​ជំនាញ​ (​ក​១០)​ របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ដឹកនាំ​លោក​វរសេនីយ៍ឯក​ យឹ​ម​ សែន​ឧត្តម​ នាយករង​មន្ទីរ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ និង​ដោយ​ មានការ​សម្របសម្រួល​ ពី​លោក​ព្រះរាជអាជ្ញា​រង​ អ៊ំ​ សុ​ភក្តិ​ បាន​បើក​ស៊ើបអង្កេត​ ស្រាវជ្រាវ​ ប​ង្រា្ក​ប​ នៅ​ចំណុច​ផ្លូវ​១៤៣​ ជិត​វ​ង្វ​ង់​មូល​ផ្សារ​សំពៅ​មាស​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​។ តាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា៖
ក្នុង​ប្រតិបត្តិការ​នោះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ​ អុី រឹ​ស៊ី​ (YI​ RISHI)​ ភេទ​ប្រុស​ ឆ្នាំ​១៩៩៥​ ជនជាតិ​ចិន​ និង
​ចាប់​យក​វត្ថុ​តាង​រួមមាន៖
-សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ ប្រមាណ​ ២៥​ក្រាម​។​ ​រហូត​ដល់​ម៉ោង​២១​និង​៤០​នាទី​ សមត្ថកិច្ច​បាន​បន្ត​ ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​មេខ្លោង​ ដែល​លាក់ខ្លួន​នៅ​បន្ទប់​ លេខ​៧២១​ របស់​ខុន​ដូរ​ ព្រី​នស៍ ដាយ​មិន​ ​ (​ Prince​ Diamond​ )​ ក្បែរ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។​ ​ជា​លទ្ធផល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ ឈ្មោះ​ យ៉ាវ​វ៉ា​ឡាក់​ កេ​ត​សាល​ (YAOWALAK​ KETSAL)​ ភេទ​ស្រី​ ជនជាតិ​ថៃ​ ។​

ប៉ុន្តែ​ ក្នុង​ពេល​ដែល​ចូលបង្ក្រាបជនសង្ស័យ​នោះ​ ស្រាប់តែ​មាន​មេខ្លោង​ម្នាក់​ ភេទ​ប្រុស​ បាន​ចេញពី​បន្ទប់​ហើយ​បាញ់​ស្រោច​មក​លើ​កម្លាំង​សមត្ថកិច្ច​ ដោយ​កាំភ្លើងខ្លី​ប្រមាណ​ ៥-៦​គ្រាប់​ ។ ​សមត្ថកិច្ច​បាន​តបត​ការពារ​ខ្លួន​ បណ្ដាល​អោយ​ជនសង្ស័យ​ប្រាស់​គេចខ្លួន​ ។​ រហូត​ព្រឹក​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២០​ កម្លាំង​សមត្ថកិច្ច​បាន​បន្ត​សហការ​ត្រួតពិនិត្យ​ ឆែកឆេរ​តាម​ចាប់​មេខ្លោង​បន្ត​ទៀត​ ។​
​ជា​លទ្ធផល​សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុ​តាង​សរុប​ទម្ងន់​ ១៩៥៨.២៣​ក្រាម​ រួម​មាន​ ៖​
១-​មេ​តំ​ហ្វេ​តា​មីន​ Ice)​ ទម្ងន់​ ៨៤៣.០៩​ក្រាម​
២-​កេ​តា​មីន​ ketamine)​ ០១៥.៥១​ក្រាម​
៣-​កញ្ឆា​ក្រៀម​ ទម្ងន់​ ៩៩.៦៣​ក្រាម​
​និង​ចាប់​យក​សម្ភារ​ ជញ្ជីង​៧​គ្រឿង​,​ រថយន្ត​ធុនត្រា១​គ្រឿង​,​ ទូរស័ព្ទ​២​គ្រឿង​,​ អាវុធ​ខ្លី​១​ដើម​ ម៉ាក​ CaL9mmPAK​ ដែល​ជនល្មើស​បាញ់​ហើយ​ បោះចោល​និង​គ្រាប់​ចំនួន​១៥,​ សំបក​គ្រាប់​ចំនួន​៥,​ ខោអាវ​ប្រឡាក់​ស្នាម​ឈាម​ ,​ សម្ភារ​កែ​ច្នៃ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ ។
សូមជម្រាបថា៖ នៅយប់កើតហេតុបង្ក្រាបគ្រឿងញៀននៅកោះពេជ្រ ខណៈជនសង្ស័យជាមេក្លោង បានបាញ់ស្រោចគម្រាមមកលើសមត្ថកិច្ច ក៏មានវត្តមានលោក ឃួង ស្រេង គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះមកដឹកនាំកម្លាំង ពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖