ព័ត៌មានទាន់ហេតុការណ៍៖

បទ ស្រឡាញ់អូនដល់កាន់ឈើច្រត់ របស់ជ័យ សុវ៉ាត ទាក់ចិត្តអ្នកកំពុងមានស្នេហ៍ផ្អែមល្ហែម

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ា បានការចាប់អារម្មណ៍ខ្លាំង​ ក្រោយពីលោកបានបញ្ចេញ MV បទចម្រៀងថ្មីមនោសញ្ចេតនាផ្អែមល្ហែម​ស៊ីជម្រៅគឺបទ ស្រលាញ់អូនដល់កាន់ឈើច្រត់ ។ ដាក់បង្ហោះត្រឹមមួយថ្ងៃបទនេះ​មានអ្នកចូលទស្សនាប្រមាណជាង២សែនដងរួចមកហើយនោះ ។

ក្រោយលេចមុខក្នុងផលិតកម្មសាន់ដេ មិនបានប៉ុន្មានផង តារាចម្រៀង ជ័យ សុវ៉ាត បានបញ្ចេញស្នាដៃបទចម្រៀងមួយចំនួន ដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ដូចជាបទ កុំប៉ះសង្សារខ្ញុំ និងបទ ក្រចេះស្នេហ៍បង ជាដើម ។

កាន់តែចាក់ទម្លុះទីផ្សារ និងចំបេះដូងអ្នកគាំទ្រតារាចម្រៀងរូបនេះ បានបញ្ចេញស្នាដៃបទចម្រៀងថ្មីរួមទាំងការសម្តែងប្រកបដោយ ភាពទាក់ទាញចិត្តអ្នកស្តាប់ នោះគឺបទ ស្រលាញ់អូនដល់កាន់ឈើច្រត់ ដែលចូលរួមសម្តែងដោយតារាប្រុស ស្រី វ័យក្មេងស្រស់សង្ហារ និងស្រស់សោភាជាច្រើន ។

តារាចម្រៀងរូបនេះ បានបញ្ជាក់ថា លោកពិតជាពេញចិត្ត បទចម្រៀងនេះជាខ្លាំង និងក្រោយពីទទួលបានការកោតសរសើរពីអ្នកគាំទ្រថា ជាបទដែលធ្វើឲ្យអ្នកមានស្នេហាផ្អែមល្ហែមពេញចិត្ត ។ អ្វីដែលកាន់តែធ្វើឲ្យបទនេះពេញនិយមសម្រាប់អ្នកគាំទ្រគឺក្រោយពីបទចម្រៀងនេះ ត្រូវបានអ្នកមានស្នេហាផ្អែមល្ហែមជាច្រើនយកមកដាក់បញ្ចូលក្នុងវីដេអូរបស់ពួកគេតាមរយៈការលេងបណ្តាញសង្គមពេញនិយមTik Tokនោះ ។

លោកថា​ អ្នកគាំទ្រជាច្រើនបានផ្ញើរូបភាពផ្អែមល្ហែមរួមជាមួយគូស្នេហ៍ពួកគេមកហើយលោកជាបន្តបន្ទាប់ ។ លោកថា​បទចម្រៀងខាងលើគឺចាប់ផ្តើមចេញជាMVតែម្តង ដែលបទនេះចំណាយការផលិតយូរខណៈដែលការថតបទចម្រៀងនេះ មានចំនួន២ថ្ងៃនៅតំបន់មួយចំនួននៅភ្នំពេញពិសេសនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ និងតំបន់អរិយក្សត្រ ។ ឆ្លើយតបការគាំទ្រកាន់តែច្រើនក្រោយបញ្ចេញស្នាដៃថ្មីនេះដែរលោកក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញស្នាដៃបទចម្រៀងថ្មីៗមួយចំនួនទៀតដែលមានទាំងបទចម្រៀងបែបប្រជាប្រិយខ្មែរសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ និងបទញាក់កន្ត្រាក់អារម្មណ៍ផងដែរ ។

លោករំពឹងដែរថា ស្នាដៃបទចម្រៀងថ្មីៗរបស់លោកនឹងទទួលបានការគាំទ្រជាបន្តទៀត ហើយលោកសន្យាថា លោក អ្នកនិពន្ធ តារាសម្តែង និងផលិតករ នឹងបញ្ចេញឲ្យអស់ពីលទ្ធភាពដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជន៕ វឌ្ឍនា


ចែករំលែក៖