ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីចិន លោក គីម ជុងអ៊ុន នឹងទៅកាន់រុស្ស៊ីជួបពិភាក្សាជាមួយពូទីន?

ចែករំលែក៖

មន្ត្រីការបរទេសរុស្ស៊ី ក៏បានបង្ហាញពីក្តីរំពឹងរបស់ខ្លួនថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងពេលឆាប់ៗខាងមុខ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រកាស កាលពីថ្ងៃទី ២៩ ខែមីនាថា អ្វីគ្រប់យ៉ាងកំពុងត្រូវបានរំពឹងទុក ហើយដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្សីុ នឹងជួយឲ្យស្ថានភាពនៅក្នុងដំបន់កាន់តែប្រសើរឡើង។ កិច្ចពិភាក្សាទ្វេភាគីរវាងកូរ៉េខាងត្បូង នឹងរុស្ស៊ីមានសារសំខាន់យ៉ាងខ្លាំង។ លោកស្រីបញ្ជាក់ទៀតថា កិច្ចពិភាក្សាទ្វេភាគីនឹងធ្វើឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

ព័ត៌មានខាងលើបានប្រកាសនៅពេលដែល លោក គីម ជុងអ៊ុន បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ និងជាលើកតំបូងរបស់លោក ដើម្បីធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែប្រសើរឡើង។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា លោក គីម ជុងអ៊ុន កំពុងតែស្វែងរកការគាំទ្រ ពីប្រទេសចិន មុនពេលកិច្ចពិភាក្សាជាមួយអាមេរិកកើតឡើងនៅចុងខែឧសភាខាងមុខ។

អ្នកឯកទេសវិភាគកូរ៉េខាងត្បូងក៏បានលើកឡើងផងដែរថា បន្ទាប់ពីវត្តមានរបស់ គីម ជុងអ៊ុន នៅប្រទេសរុស្ស៊ីជាប្រទេសបន្ទាប់ ដូចអ្វីដែលអតីតមេដឹកនាំកូរ៉េខាងជើងបានធ្វើនាពេលកន្លងមក។

អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទែររ៉េស (Antonion Guterres) បានធ្វើការសង្កត់ធ្ងន់ថា ប្រទេសចិន គឺជាអ្នកចូលរួមដ៏សំខាន់បំផុតមួយ នៅក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ ដែលលោកចង់សំដៅទៅលើបញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង នោះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងវិបត្តិនៅកូរ៉េខាងជើង តាំងពីដើមមកចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការជំរុញឲ្យមានដំណោះស្រាយ។ កន្លងមកអគ្គលេខាធិការ UN និងជាអតីតនាយករដ្ឋមន្ត្រីប្រទេសព័រទុយហ្គាល់រូបនេះ បានលើកឡើងនៅឯទីស្នាក់ការកណ្តាលរបស់លោក នៅបុរីញូវយ៉កសហរដ្ឋអាមេរិកថា «ខ្ញុំពិតជាទទួលបាន ការលើកទឹកចិត្តយ៉ាងខ្លាំងក្លាបំផុត ដោយសារតែការបំពេញទស្សនកិច្ចរបស់មេដឹកនាំកំពូលកូរ៉េខាងជើង (លោក គីម ជុងអ៊ុន) ទៅកាន់ប្រទេសចិន។ ខ្ញុំគិតថា ប្រទេសចិនគឺជាអ្នកដែលចូលរួមយ៉ាងសំខាន់ខ្លាំងណាស់ ចំពោះការដោះស្រាយបញ្ហានៅក្នុងតំបន់នេះ»។

លោក ហ្គុយទែររ៉េស បានបញ្ជាក់បន្ថែមទៀតថា «ខ្ញុំជឿជាក់ថា ពិភពលោកនេះ នៅមានបញ្ហាជាច្រើន ដែលមិនទាន់មានដំណោះស្រាយគ្រប់គ្រាន់នៅឡើយ ដូច្នេះខ្ញុំគិតថា វាជាឱកាសសម្រាប់ការបង្កើតដំណោះស្រាយសន្តិភាព ទៅកាន់បញ្ហាដែលប៉ុន្មានខែមុននេះ គឺជាគ្រោះថ្នាក់ធំបំផុត ដែលយើងបានជួបប្រទះ»។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតពាក់ព័ន្ធនោះដែរ មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាលើកាលបរិច្ឆេទ នៃជំនួបពិភាក្សាជាន់ខ្ពស់រវាង លោក មូន ជេអុីន និង គីម ជុងអ៊ុន ដែលត្រូវធ្វើឡើង នៅថ្ងៃទី២៧ ខែមេសា បងប្អូនកូរ៉េទាំងពីរ កំពុងសម្លឹងមើលការផ្សះផ្សាទំនាក់ទំនង ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា នៅលើឧបទ្វីបកូរ៉េ។

សម្រេចចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាមួយ រវាងមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅតំបន់តុងជីលហ្គាក់ (Tongilgak) ដែលស្ថិតនៅលើទឹកដីរបស់កូរ៉េខាងជើងក្នុងភូមិ ផាន់មុនចុម (Panmunjom) ខណ្ឌចែក ព្រំដែនកូរ៉េទាំង២។ ជាមួយគ្នានោះដែរ បើតាមលទ្ធផលនៃកិច្ចពិភាក្សានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងជួបគ្នាជាលើកដំបូងជាប្រវត្តិសាស្ត្រ នៅឯវិមានសន្តិភាព ស្ថិតនៅលើទឹកដីកូរ៉េខាងត្បូង ក្នុងភូមិផាន់មុនចុម (Panmunjom) នៅថ្ងៃទី២៧ ខែមេសា។

បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរថា នឹងរៀបចំកិច្ចសន្ទនាមួយទៀត នៅថ្ងៃទី៤ ខែមេសា នៅក្នុងភូមិផាន់មុនចុម (Panmunjom) សំដៅពិភាក្សាគ្នាអំពីពិធីសារសន្តិសុខពាក់ព័ន្ធនឹងជំនួបកំពូលអន្តរកូរ៉េ។

គួរបញ្ជាក់ថា ក្រោយត្រូវសហរដ្ឋអាមេរិក និងចិនដែលជាខ្នងបង្អែករបស់ខ្លួន រួមទាំងអង្គការសហប្រជាជាតិ ព្រួតគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៨នេះ កូរ៉េខាងជើង ហាក់ដូចជាបន្ទន់ឥរិយាបថយ៉ាងខ្លាំង។ ជាក់ស្ដែងក្រោយជំនួបជាមួយលោក ស៊ី ជីនពីង កាលពីប៉ុន្មានថ្ងៃមុននេះ លោក គីម ជុងអ៊ុន ថែមទាំងអះអាងទៀតផងដែរ អំពីការប្ដេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរ៕ ម៉ែវ សាធី


ចែករំលែក៖