ព័ត៌មានទាន់ហេតុការណ៍៖

បាក់ទំនប់នៅប្រេស៊ីលស្លាប់កើនឡើងជាបន្តបន្ទាប់

ចែករំលែក៖

មកទល់ពេលនេះមានអ្នកស្លាប់កើនឡើងដល់ទៅ១១០នាក់ហើយ និងមានអ្នកបាត់ខ្លួន ២៣៨នាក់នៅឡើយ ។ គ្រួសារជនរងគ្រោះ បានបាត់បង់ក្តីសង្ឃឹមស្វែងរកអ្នកដែលនៅរស់ក្រោយការបាក់ទំនប់នៅភាគអាគ្នេយ៍ប្រេស៊ីល ។

គិតមកដល់យប់ថ្ងៃទី៣១ខែមករា ចំនួនអ្នកស្លាប់ដោយការបាក់ទំនប់បានកើនឡើងដល់១១០នាក់ហើយ ។ក្រុមជួយសង្គ្រោះរកមិនឃើញអ្នកដែលនៅរស់ក្រោយការបាក់ទំនប់តាំងពីថ្ងៃទី២៦ខែមករា។ចំនួនអ្នកស្លាប់អាចនឹងកើនឡើងរហូតដល់ទៅ៣៦០នាក់នឹងប្រែក្លាយគ្រោះថ្នាក់ខាងលើទៅជាសោកនាដកម្មទ្រង់ទ្រាយធំបំផុត មិនធា្លប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រេស៊ីលលើវិស័យរ៉ែ។

លោក Flavio Godinho អ្នកនាំពាក្យនៃផ្នែកការពារស៊ីវិលរដ្ឋMinas ទទួលបន្ទុករៀបចំការជួយសង្គ្រោះបាន ថ្លែងទៅកាន់អ្នកសារព័ត៌មានថា ពេលនេះចំនួនអ្នកស្លាប់មាន១១០នាក់ ហើយមនុស្ស២៣៨នាក់ទៀតបាត់ខ្លួន ដែលចំនួននោះនឹងមានការកើនឡើង។

កាលពីថ្ងៃទី២៧មករា ប្រជាជនដែលកំពុងមានការក្ដុកក្ដួល ដោយសារការបាក់ទំនប់រ៉ែVALE កាលពីថ្ងៃទី២៥មករានោះ បានភ័យចលាចលនឹងស្នូរស៊ីរ៉ែនបន្លឹឡើង ព្រមានពីការបាក់ទំនប់រ៉ែមួយទៀត។ ការប្រកាសអាសន្នក្រោយមកបានលុបចោលវិញ។ លោក Flavio Godinho អះអាងថា ពុំមានគ្រោះថ្នាក់នៃការបាក់ទំនប់ទី២នោះឡើយ។ ការរុករកអ្នកបាត់ខ្លួនបានបន្តទៀត តាមឧទ្ធម្ភាគចក្រ និងនៅលើដីជាមួយជំនួយរបស់សុនខ។ ទំនប់រ៉ែដែលបាក់នោះនៅពុំទាន់ដឹងពីមូលហេតុច្បាស់នៅឡើយ ៕ ម៉េវ សាធី


ចែករំលែក៖