ព័ត៌មានទាន់ហេតុការណ៍៖

បាក់ទំនប់វារីអគ្គិសនី៖ឡាវ កូរ៉េខាងត្បូង ថៃ សហការគ្នាស្រាវជ្រាវ

ចែករំលែក៖

ឡាវនឹងសហការជាមួយកូរ៉េខាងត្បូង ថៃបើកការស្រាវជ្រាវ ពីមូលហេតុបណ្តាលឲ្យបាក់ទំនប់វារីអគ្គិសនី សម្លាប់មនុស្សនិងបំផ្លាញទ្រព្យសម្បត្តិជាច្រើន ។ ជាមួយគ្នា នេះសកម្មភាព ស្វែងរកអ្នកបាត់ខ្លួននៅ តែបន្ត។

រដ្ឋាភិបាលឡាវ នឹងសហការជាមួយ បណ្តាប្រទេសដែលមានក្រុមហ៊ុន ចូលរួម នៅក្នុងការកសាងគម្រោងវារីអគ្គិសនី Xe Pian Xe Namnoy ក្នុងនោះមានថៃនិង កូរ៉េខាងត្បូង ស្វែងរកមូលហេតុបណ្តាល ឲ្យបាក់ទំនប់កាលពីថ្ងៃទី២៣ខែកក្កដា ។

សារព័ត៌មាន Vientiane Times បាន ដកស្រង់សម្តីនាយករដ្ឋមន្ត្រី Thongloun មកបញ្ជាក់ថា «រដ្ឋាភិបាលឡាវ នឹងសហការជាមួយរដ្ឋាភិបាលប្រទេសដែលមានភាគហ៊ុននៅក្នុងគម្រោងខាងលើ »។ ការស្រាវជ្រាវនឹងធ្វើឡើងដោយតម្លាភាព បំផុត។

គម្រោង វារីអគ្គិសនី Xe Pian xe Namnoy គឺ សហការជាមួយក្រុមហ៊ុន Lao Holding State Enterprise មានភាគ ហ៊ុន២៦ភាគរយ របស់រដ្ឋាភិបាលនិងក្រុម ហ៊ុន កូរ៉េខាងត្បូង ទទួលបន្ទុកបច្ចេកទេស សាងសង់ មានភាគហ៊ុន២៤ភាគរយ រួម ទាំងក្រុមហ៊ុន កូរ៉េខាងត្បូងមួយទៀត មាន ភាគហ៊ុន ២៥ភាគរយ និងក្រុមហ៊ុនអគ្គិ សនីថៃ Ratchaburi មាន២៥ភាគរយ។

ពាក់ព័ន្ធគ្រោះថ្នាក់បាក់ទំនប់ខាងលើ រដ្ឋាភិបាលថៃបានអំពាវនាវដល់ជនរួម ជាតិថៃទាំងអស់ ឲ្យចូលរួមជួយបរិច្ចាគថវិកា និងផ្តល់ជាសម្ភារសង្គ្រោះផ្សេងៗ ទៅកាន់ជនរងគ្រោះដោយសារការបាក់ទំនប់វារី អគ្គិសនី នៅឯភាគខាងត្បូងប្រទេសឡាវ។

រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួង មហាផ្ទៃថៃ លោក ឆាតឆៃ ព្រំឡឺត (Chat chai Promlert) បានចេញសេចក្តីបង្គាប់ ឲ្យអភិបាលទាំងអស់នៃខេត្តទាំង៧៦ រៀបចំមជ្ឈមណ្ឌលសម្រាប់ការបរិច្ចាគ ដើម្បី ទទួលថវិកា ឬក៏សម្ភារចាំបាច់ផ្សេងៗ ដែលនឹងត្រូវបញ្ជូនទៅកាន់ខេត្តអាត់តាពើ ភាគខាងត្បូងប្រទេសឡាវ ជាទីដែល ទំនប់វារីអគ្គិសនី សេពាន-សេណាំណយ (Xe Pian Xe Namnoy) បានបាក់កាលពី ថ្ងៃទី២៣ ខែកក្កដា។

ជាមួយគ្នានេះ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ថៃ រ៉ាតឆាប៊ូរិ (Ratchaburi) ដែលជាក្រុមហ៊ុនមួយមានជាប់ព័ន្ធនឹង ដំណើរការ សាងសង់ទំនប់ខាងលើ ក៏បានផ្តល់ការ ជួយឧបត្ថម្ភជាថវិកាប្រមាណ ១៥៤.០០០ ដុល្លារ ទៅដល់ប្រទេសឡាវផងដែរ។ លើសពីនេះទៀត អាជ្ញាធរអគ្គិសនីថៃហៅ កាត់ថា អេកាត់ (Egat) បានផ្តល់ឧបករណ៍ ប្រើប្រាស់ផ្សេងៗ និងថវិកា ដល់ពលរដ្ឋ ឡាវប្រមាណ ៣.០០០នាក់ ដែលបាន បាត់បង់ទីជម្រក។ ចំណែកឯនៅក្នុង ឱកាសទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក៏បានប្រគល់ថវិកាប្រមាណ ជា ១៥៥.០០០ដុល្លារ សម្រាប់ជនរង គ្រោះឡាវថែមទៀតផង។

គួរជម្រាបថា យោងតាមរបាយការណ៍ ចុងក្រោយបំផុត ចំនួនមនុស្សស្លាប់ត្រូវ បានទម្លាក់មកនៅត្រឹម៩នាក់ ដែលអាជ្ញា ធរឡាវបានទទួលស្គាល់ និងប្រកាសជា ផ្លូវការឡើងវិញ ដោយកាលពីប៉ុន្មានថ្ងៃមុនមានសេចក្តីរាយការណ៍ថា មនុស្សរហូត ដល់ទៅ ២៧នាក់បានស្លាប់។ ដោយឡែកសម្រាប់តួលេខមនុស្សបាត់ខ្លួនផ្លូវការវិញគឺ ១២២នាក់៕ ម៉ែវ សាធី


ចែករំលែក៖