ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅក្នុងប្រទេសកាណាដាស្លាប់និងរបួស១០នាក់

ចែករំលែក៖

មានករណីបាញ់ប្រហារមួយបានកើតឡើងនៅក្នុងទីក្រុង តូរ៉ុនតូ ប្រទេស កាណាដា បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ។

សារព័ត៌មានអង់គ្លេស Daily Mail នៅ ព្រឹកថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ នេះថា មានមនុស្សម្នាក់ស្លាប់ហើយមាន អ្នករងរបួស៩នាក់ ដោយសារតែខ្មាន់ កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារនៅទីប្រជុំជនមួយកន្លែង ក្នុងទីក្រុងតូរ៉ុនតូ (Toronto) នៃខេត្តអនតារីយ៉ូ (Ontario) ភាគអាគ្នេយ៍ ប្រទេសកាណាដា។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ បានដកកាំភ្លើងបាញ់ប្រហារនៅតំបន់ទីប្រជុំជន គ្រីកថោន (Greektown) នៃ ទីក្រុង Toronto ដែលសម្បូរទៅដោយភោជ នីយដ្ឋាន និងហាងលក់ទំនិញ នាវេលា យប់ថ្ងៃអាទិត្យសប្តាហ៍នេះ (ពេលវេលា នៅភាគខាងកើតកាណាដា) ខណៈស្នូរកាំ ភ្លើងចន្លោះពី ១៥គ្រាប់ ទៅ ២០គ្រាប់ បានលាន់ឡើង។

គួរជម្រាបថា បើតាមការបញ្ជាក់ពី ប៉ូលិសកាណាដា ខ្មាន់កាំភ្លើងបានស្លាប់ បាត់ហើយ នាខណៈពេលនេះ ចំណែកអ្នក ដែលរងរបួស ដោយរួមមានទាំងក្មេងៗ ផងដែរនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យ ដើម្បីទទួលការជួយសង្រ្គោះជា បន្ទាន់។ ជាមួយគ្នានេះដែរ ការស៊ើប អង្កេតកំពុងប្រព្រឹត្តទៅ ដើម្បីកំណត់មូល ហេតុ នៅពីក្រោយការបាញ់ប្រហារដ៏រន្ធត់នេះ។

នៅពេលនេះដែរកម្លាំងសន្តិសុខ កាណាដា បានបើកការស្រាវជ្រាវបញ្ជាក់ពីការពិត ថាតើជាសកម្មភាពវាយប្រហារ អាចជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្ម ដែរឬទេ ឬក៏ជាគំនុំអ្វីផ្សេង៕ ម៉ែវ សាធី


ចែករំលែក៖