ព័ត៌មានទាន់ហេតុការណ៍៖

បារាំង៖ អឺរ៉ុបអាចនឹងសងសំណងដល់ក្រុមហ៊ុនរកសីុជាមួយអីុរ៉ង់

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្នុង ពេលដែលបណ្តាក្រុមហ៊ុនអឺរ៉ុបដែលរកសីុ ជាមួយអីុរ៉ង់អាចនឹងប្រឈមមុខនឹងហានិ ភ័យដោយសារតែច្បាប់ដាក់ទណ្ឌកម្មរបស់ អាមេរិកសាជាថ្មីទៅលើប្រទេសអីុរ៉ង់ក្រោយ អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង បរមាណូ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង លោក Bruno Le Maire កាលពីថ្ងៃទី២០ ខែឧសភា បានបញ្ជាក់ថាទីក្រុងប៉ារីសកំពុង តែរង់ចាំសហគមន៍អឺរ៉ុបអាចនឹងសងសំណង ដល់បណ្តាក្រុមហ៊ុនដែលរងផលប៉ះពាល់ ដោយសារតែការដាក់ទណ្ឌកម្មអីុរ៉ង់ជាថ្មី។

លោក Bruno Le Maire បានលើកឡើង ពីការសម្រេចរបស់អឺរ៉ុប កាលពីឆ្នាំ១៩៩៦ ដោយក្នុងនោះអឺរ៉ុបនឹងត្រូវការពារដល់ បណ្តាក្រុមហ៊ុនរបស់នៅអឺរុបដែលវិនិយោគ ក្រៅប្រទេសហើយរងផលប៉ះពាល់ដោយ ការដាក់ទណ្ឌកម្ម។ លោកបន្តទៀតថា បារាំង និងអឺរ៉ុបចង់ឲ្យមានគោលជំហររឹង មាំជាងនៅក្នុងបញ្ហាទាំងនោះ។

កាលពីឆ្នាំ១៩៩៦ នៅពេលដែល អាមេរិក បានសម្រេចដាក់ទណ្ឌកម្មទៅ លើបណ្តាក្រុមហ៊ុនបរទេសដែលរកសីុជា មួយគុយបា។ នៅពេលនោះអឺរ៉ុបបាន ប្រឆាំងនឹងអាមេរិក ហើយបង្ខំឲ្យអាមេរិក ត្រូវតែបោះបង់សកម្មភាពខាងលើដោយ គំរាមវាយបកវិញ។

កាលពីសប្តាហ៍កន្លងមកបណ្តាក្រុមហ៊ុន វិនិយោគធំៗនៅបរទេសក្នុងនោះភាគច្រើន ជាក្រុមហ៊ុននៅអឺរ៉ូបបានប្រកាសពីការ ត្រៀមដកខ្លួនចេញពីប្រទេសអីុរ៉ង់ ដើម្បី បញ្ចៀសហានិភ័យកាន់តែខ្លាំងដោយសារ តែការដាក់ទណ្ឌកម្មសាជាថ្មីរបស់អាមេរិក ទៅលើអ៊ីរ៉ង់ក្រោយការដកកិច្ចព្រមព្រៀង បរមាណូកាលពីឆ្នាំ២០១៥។

ក្នុងពេលជាមួយគ្នានេះប្រភពព័ត៌មាន៣ផ្សេងគ្នាពីសហគមន៍អឺរ៉ុបបានច្រាន ចោលព័ត៌មាន ថាកិច្ចប្រជុំនៅទីក្រុងVienna ប្រទេសអូទ្រីស ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែឧសភាខាងមុខ គឺដើម្បីជួយស្រោច ស្រង់កិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ ក្រោយអាមេរិកដកខ្លួន។ កិច្ចប្រជុំពិភាក្សា របស់អឺរ៉ុបគឺសំដៅទៅលើគម្រោងផ្តល់ ជំនួយដល់បណ្តាក្រុមហ៊ុន ដែលរងផល ប៉ះពាល់ និងផ្តល់ជំនួយដល់អីុរ៉ង់ផងដែរ។

ជាមួយគ្នានេះចិននិងរុស្សុីក៏បានពិភាក្សា គ្នាស្តីពីកិច្ចព្រមព្រៀងថ្មីដើម្បីជួយផ្តល់់ហិរញ្ញ វត្ថុដល់ប្រទេសអីុរ៉ង់ដើម្បីជាការដោះដូរឲ្យ អីុរ៉ង់កាត់បន្ថយកម្មវិធីកាំជ្រួចមីស៊ីល ។

ជាមួយគ្នានេះក្រុមមន្ត្រីទូតអឺរ៉ុប ចិន និងរុស្ស៊ី គ្រោងនឹងបើកកិច្ចប្រជុំមួយដើម្បី ពិភាក្សាគ្នាស្ដីពីកិច្ចព្រមព្រៀងថ្មីមួយទាក់ទិននឹងការផ្ដល់ជំនួយហិរញ្ញវត្ថុឱ្យអ៊ីរ៉ង់ជាថ្នូរនឹងការបញ្ឈប់កម្មវិធី អភិវឌ្ឍន៍មីស៊ីលក៏ដូចជាការលូកដៃចូលកិច្ចការផ្ទៃក្នុងនៅក្នុងតំបន់ជាមួយក្ដីសង្ឃឹមថាអាចនឹងជួយសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨។

ផ្អែកលើប្រភពពីមន្ត្រីទូតនៃសហភាព អឺរ៉ុប សារព័ត៌មាន Welt am Sonntag បានបញ្ជាក់ថា ក្រុមមន្ត្រីអឺរ៉ុប ចិន និងរុស្ស៊ី នឹងជួបពិភាក្សាគ្នាក្នុងទីក្រុងវីយែនប្រទេស អូទ្រីសនៅប៉ុន្មានសប្ដាហ៍ខាងមុខទៀត នេះក្រោមវត្តមានមន្រ្តីទូតជាន់ខ្ពស់សហ ភាព អឺរ៉ុបលោកស្រី Helga Schmid ដើម្បីពិភាក្សាគ្នាពីជំហានបន្ទាប់ក្រោយពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តដកទីក្រុងវ៉ាស៊ីនតោនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអីុរ៉ង់កាលពីឆ្នាំ ២០១៥។

បន្ថែមពីលើនេះបើតាមសារព័ត៌មាន នេះដដែល ក្រុមមន្ត្រីទូតអាល្លឺម៉ង់ បារាំង អង់គ្លេស រុស្ស៊ី និងចិន អាចនឹងចូលរួមក្នុង កិច្ចប្រជុំនេះ។ រីឯសហរដ្ឋអាមេរិកទំនងជា នឹងមិនចូលរួមឡើយ។ ប៉ុន្តែទន្ទឹមគ្នានេះគេក៏មិនទាន់ដឹងច្បាស់នៅឡើយដែរថា អីុរ៉ង់នឹងបង្ហាញវត្តមានដែរ ឬក៏យ៉ាងណា នោះ។

សូមជម្រាបថា ក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ អីុរ៉ង់បាន យល់ព្រមបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច។ ប៉ុន្តែរដ្ឋាបាលអាមេរិក របស់លោក ដូណាល់ត្រាំ បានបង្ហាញការ មិនពេញចិត្តចំពោះចំណុច ជាច្រើនក្នុងកិច្ច ព្រមព្រៀងនេះដែលលោកផ្ទាល់មើលឃើញ ថាវាមិនបានគ្របដណ្ដប់លើកម្មវិធីមីស៊ីល អីុរ៉ង់ព្រមទាំងការគាំទ្ររបស់តេអេរ៉ង់ដល់ ក្រុមប្រដាប់អាវុធដែលត្រូវបានគេចាត់ទុកថាជាក្រុមភេរវករនៅក្នុងតំបន់មជ្ឈិម បូព៌ា៕ ម៉ែវ សាធី


ចែករំលែក៖