ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ L.O.D ម្នាក់ ជិះម៉ូតូបុកម៉ូតូរ៉ឺម៉ក ដែលឈប់ចតលើផ្លូវសាធារណៈរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានអន្តរាគមន៍ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកម៉ូតូរឺម៉កដែលឈប់ចត លើផ្លូវសាធារណៈ ស្របទិសគ្នាពីមុខយ៉ាងពេញទំហឹងកាលពីថ្ងៃពុធ ១៥ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៨:៥៥ នាទីយប់ លើផ្លូវលេខ១៣ ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ម៉ាង សារិត អាយុ ២៣ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ L.O.D រស់នៅភូមិ សេកយំ ឃុំ ពង់ទឹក ស្រុក រំដួល ខេត្ត ស្វាយរៀង ខណៈបើកម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J ១២៣១ ខូចខាតយ៉ាងដំណំ ។

ចំណែកម៉ូតូរ៉ឺម៉កបង្កហេតុម៉ាកហុងដា Wave ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ក្រញ៉ាញ់ ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករបើករ៉ឺម៉ក រស់នៅភូមិ បាសាក់ ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J ១២៣១ លើកំណាត់ផ្លូវជាតិលេខ១៣ក្នុងទិសដៅត្បូងទៅជើង ខណៈនោះ ស្រាប់តែទៅបុកម៉ូតូរឺម៉ក ឈប់ចតពីត្បូងទៅជើង ស្របគ្នាពេញទំហឹង លាន់សូរប្រ៉ាវ បង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក ជនរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងវាស់វែង អូសយកវត្ថុតាងម៉ូតូទាំង២គ្រឿងមករក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖