ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកសន្តិសុខឯកជនត្រូវមិត្តភ័ក្តិបោកម៉ូតូយកទៅបាត់ រត់ឲ្យនគរបាលជួយ

ចែករំលែក៖

ភ្នំពេញ ៖ បុគ្គលិកសន្តិសុខឯកជនម្នាក់បានរត់ទៅប្តឹង នគរបាលប៉ុស្តិ៍ចោមចៅនាវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ដើម្បីឲ្យជួយស្រាវជ្រាវរកជនសង្ស័យម្នាក់ដែលមិត្តភ័ក្តិ រួមការងារ សុំខ្ចីម៉ូតូជិះមួយភ្លែត ស្រាប់តែបាត់រហូត១យប់១ថ្ងៃ នៅតែមិនឃើញវិលវិញនៅឡើយ ។

ជនរងគ្រោះ មានឈ្មោះ រី វ៉ាន់ដេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិកោះកុក ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។ រីឯបុរសសង្ស័យជា មិត្តទ្រូស្តមិត្ត ឈ្មោះ ព្រំ រ៉ាឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាសន្តិសុខ យាមនៅក្រុមហ៊ុន ជាមួយគ្នា ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បច្ចុប្បន្នគេចខ្លួនបាត់ចំណែកម៉ូតូ ដែលមិត្តជនសង្ស័យ ឆបោកយកទៅបាត់ ម៉ាកហុងដា សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-9730 ។

ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ច ឲ្យដឹងថាកន្លងមក រូបគាត់និងជនសង្ស័យ គឺជាមិត្តរួមការងារជាមួយគ្នា និងយាមប្រចាំនៅក្រុមហ៊ុនដែលគេជួលឲ្យយាមជាមួយគ្នា នៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។លុះមកដល់ម៉ោង ៣រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ខណៈយាមមិនទាន់ចប់ម៉ោងផង ជនសង្ស័យឈ្មោះព្រំ រ៉ាឌី បានសុំខ្ចីម៉ូតូ របស់គាត់ថាជិះទៅរកទិញចំណីហូបមួយភ្លែត។ពេលនោះគាត់យល់ព្រមឲ្យខ្ចី ព្រោះគិតថាជា អ្នកធ្វើការជាមួយ ប៉ុន្តែពេលបានម៉ូតូដល់ដៃ បែរជាបាត់រហូតមិនឃើញយកម៉ូតូមកប្រគល់ឲ្យគាត់ឡើយសូម្បីទូរស័ព្ទក៏ទូរស័ព្ទមិនចូលដែរ។ លុះមកដល់រសៀល ថ្ងៃទី១៣ខែឆ្នាំដដែលនេះហើយនៅតែមិនឃើញវិលវិញ ទើបគាត់សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយស្រាវជ្រាវរកជនសង្ស័យ ព្រោះម៉ូតូមួយគ្រឿងនេះគាត់សន្សំលុយយូរឆ្នាំហើយទើបទិញបាន តែមិនដឹងសង្ឃឹមថា រកឃើញដែរឬអត់នោះទេ ៕ ប្រាថ្នា


ចែករំលែក៖