ព័ត៌មានទាន់ហេតុការណ៍៖

បុព្វហេតុដែលនាំឲ្យមានរណសិរ្ស២ ធ្នូ ១៩៧៨

ចែករំលែក៖

ភ្នំពេញ៖ ២ធ្នូ ឆ្នាំ២០១៦នេះ ជាខួប លើកទី៣៨ឆ្នាំ (២ធ្នូ ១៩៧៨-២ធ្នូ ២០១៦) នៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបច្ចុប្បន្នត្រូវបានប្តូរ មកជាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលវីរជនខ្មែរអ្នកស្នេហាជាតិមួយក្រុមបានប្រមូលផ្តុំគ្នានៅស្រុក ស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិ បតេយ្យ ។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែង ការណ៍១១ខ របស់ខ្លួននៅតំបន់ជើងឃ្លូក្នុងស្រុកស្នួល ស្រុកស្នួល ខេត្តក្រចេះ។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូលទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ជាប្រមុខដឹកនាំ ។ មូលហេតុដែលនាំឲ្យ មានរណសិរ្សសាមគ្គីសសង្គ្រោះជាតិដោយសារ៖

ក្នុងអំឡុងឆ្នាំ ១៩៧៥-១៩៧៨ ក្រោម របបប្រល័យពូជសាសន៍ ប៉ុល ពត សភាព ការណ៍ប្រទេសជាតិបានធ្លាក់ចូលទៅក្នុងជ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ ពេលនោះពួក ប៉ុល ពត បានរុញច្រាន ប្រទេសជាតិឲ្យក្រឡាប់ចាក់ធាក់ថយក្រោយ យ៉ាងឆ្ងាយដាច់សង្វែងដែលគ្មានអ្នកណាម្នាក់នឹកស្មានដល់។

ក្រោមស្លាកសញ្ញាបដិវត្តន៍ដាច់ខាតពួកគេបានចាប់ផ្តើមបោសសម្អាតសង្គមខ្មែរជាបន្តបន្ទាប់ដោយបំបាត់ចោលទីក្រុង ចាប់បង្ខំប្រជាជនទីក្រុង ទីផ្សាររាប់លាន នាក់ឲ្យចាកចោលផ្ទះសម្បែង ទ្រព្យសម្បត្តិ របស់ខ្លួនឲ្យទៅរស់នៅជនបទព្រៃភ្នំក្រំថ្ម ក្នុងសភាពលំបាកវេទនានិងចាប់បង្ខំឲ្យធ្វើការជាទម្ងន់។

-កាត់ផ្តាច់មនោសញ្ចេតនាដ៏ពិសិដ្ឋក្នុងគ្រួសាររវាងឪពុក ម្តាយ ជីដូនជីតា បងប្អូន ប្តីប្រពន្ធ ញាតិមិត្ត សាច់សាលោហិត ហើយមិនអនុញ្ញាតឲ្យមានទំនាក់ទំនងជាប្រក្រតីបានឡើយ ។

-រំលាយចោលភូមិមរដែលជាប្រភព ភ្ជាប់នូវមនោសញ្ចេតនានិងជាលំនៅឋាន របស់ប្រជាជនយើងតាំងពីបុរាណកាល មក ។

-រឹបអូសឧបករណ៍ផលិតកម្មសម្ភារប្រើប្រាស់សម្រាប់ជីវភាពផ្ទាល់ចាប់បង្ខំឲ្យប្រជាជនធ្វើពលកម្ម ដូចគោ ក្របី ស៊ីអត់ស៊ីឃ្លាន សម្លៀកបំពាក់ប៉ះមុខប៉ះក្រោយរហែកធ្វើឲ្យខ្មែរគ្រប់រូបធ្លាក់ចូលក្នុងទុគ៌តភាពនិង ជាទាសករ។

-ជាន់ឈ្លីនិងបំផ្លាញវប្បធម៌ អរិយធម៌ បំបាត់សិទ្ធិសេរីភាពខាងជំនឿសាសនា ចាប់បង្ខំឲ្យបុរសនារីរៀបអាពាហ៍ពិពាហ៍ជាសមូហភាពរាប់សិបគូដោយគ្មានមនោសញ្ចេតនា សាសនានានា។

-ពួកវាបំផ្លិចបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិតាំង ពី យូរលង់ កម្ទេច វិហារ កុដិសាលាគម្ពីរដីកា ក្បួនច្បាប់នៃពុទ្ធសាសនានិងអ៊ិស្លាម សាសនា។

-បំបិទស្ទើរតែទាំងស្រុងការអភិវឌ្ឍធនធានមនុស្សបិទទ្វារសាលារៀនតាំងពីបឋមរហូតដល់ឧត្តមសិក្សា។ កុមារដល់វ័យសិក្សាមិនត្រូវបានរៀនសូត្រ និងត្រូវពួកវាបង្ខំឲ្យទៅនៅក្នុងកងចល័តធ្វើការងារដូចមនុស្សពេញវ័យ។

-មនុស្សចាស់ជរាត្រូវបានចាត់ទុកជា បុគ្គលគ្មានប្រយោជន៍ដល់សង្គមមិនត្រូវ បានទទួលការជួយឧបត្ថម្ភទំនុកបម្រុងនិង ត្រូវកម្ទេចចោល ។ ជាបន្តបន្ទាប់ពួកគេអនុវត្តនយោបាយកាប់សម្លាប់ជនជាតិឯង រហូតដល់អស់ជាង៣លាននាក់។

អាស្រ័យដោយពួកឃាតក ប៉ុលពត បានជ្រលក់មាតុភូមិកម្ពុជា ដោយឈាម និងទឹកភ្នែកដូច្នោះហើយទើបកម្លាំងប្រជាជន ដែលនៅសេសសល់ ពីការកាប់សម្លាប់ ក្រោមការដឹកនាំនៃវីរជនស្នេហាជាតិបានបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបឃាតក ប៉ុល ពត សង្គ្រោះ រំដោះមាតុភូមិនិងប្រជាជនកម្ពុជាឲ្យចាក ផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍និងបានទទួលជ័យជម្នះទាំងស្រុងនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេសប្រមូលរាល់កម្លាំងសង្គមដោយមិនប្រកាន់និន្នា ការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃគ្រប់ជនរួមជាតិ ទាំងឡាយដែលរស់នៅក្រៅប្រទេសផង។

សេចក្តីថ្លែងការណ៍១១ខរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាមានដូចតទៅនេះ៖

១.អនុវត្តមាគ៌ាមហាសាមគ្គីជាតិវាយ រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ រៀបចំការបោះឆ្នោតជ្រើសរើសតំណាង រាស្រ្តទូទាំងប្រទេស ។ បង្កើតរដ្ឋធម្មនុញ្ញ ថ្មីសំដៅធានាអះអាងរាល់សិទ្ធិស្មើភាព សេរីភាព ប្រជាធិបតេយ្យពិតប្រាកដរបស់ប្រជាជន។

២.កសាងរាល់សមាគមដែលជាសមាជិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រមែប្រមូលគ្រប់កម្លាំងក្នុងសង្គម គ្រប់មជ្ឈដ្ឋានមានសមាគមយុវជននារី សហជីព កសិករ និងសមាគមបញ្ញវន្ត ។ល។

៣. កសាង និងពង្រឹងកម្លាំងកងទ័ពជាតិ ដើម្បីការពារមាតុភូមិ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាជនការពារនូវឯក រាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។

៤៖ អនុវត្តសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ គោរពសិទ្ធិនិងតម្លៃ មនុស្សរបស់ប្រជាជនគ្រប់ជាន់ថ្នាក់។ បើកសិទ្ធិជូនប្រជាជនឲ្យវិលត្រឡប់មករស់នៅតាមភូមិឋានចាស់របស់ខ្លួននិងកសាងជីវ ភាពរស់នៅប្រកបដោយសុភមង្គលក្នុង គ្រួសារឡើងវិញ។ធានាសិទ្ធិក្នុងការស្នាក់អាស្រ័យនូវការធ្វើដំណើរក្នុងប្រទេសដោយសេរីមានសិទ្ធិក្នុងការឈរឈ្មោះជាបេក្ខ ជនបោះឆ្នោតជ្រើសតាំងមានសិទ្ធិសេរីភាពក្នុងការនិយាយស្តីមានសិទ្ធិសេរីក្នុងការ បង្កើតសមាគមមានសិទ្ធិសេរីភាពក្នុងជំនឿសាសនា មានសិទ្ធិប្រកបពលកម្ម សម្រាកនិងរៀនសូត្រ។

ធានាអះអាងនូវសិទ្ធិសេរីភាពខាងរូបកាយរបស់ប្រជាជនគ្រប់រូប មានសិទ្ធិរស់នៅស្មើភាព មានកាតព្វកិច្ចនិងមាន ផលប្រយោជន៍ដូចគ្នា។

៥. អនុវត្តមាគ៌ាសេដ្ឋកិច្ចឯករាជ្យតាម ដំណាក់កាលនីមួយៗកសាងឡើងវិញនូវទឹកដីដែលបំផ្លិចបំផ្លាញជួសជុលសេដ្ឋកិច្ចថ្មីគឺសេដ្ឋកិច្ចបម្រើផលប្រយោជន៍លើមូលដ្ឋានពង្រីកកសិកម្មនិងឧស្សាហកម្ម។ បំបាត់ចោលរបបចាប់បង្ខំឲ្យធ្វើរួមហូបរួម បំបាត់ចោលរបបកៀរប្រមូលស្រូវ អង្ករ ទ្រព្យសម្បត្តិប្រជាជន បើកធនាគារ ចាយ វាយក្រដាសប្រាក់ ជួសជុល និងពង្រីកការផ្លាស់ប្តូររាល់មុខទំនិញ បើកទូលាយការ លក់ដូរក្នុងប្រទេស លុបបំបាត់ចោលរបបចាប់បង្ខំឲ្យធ្វើពលកម្មបាក់កម្លាំង។

៦. បំបាត់ចោលរបបអាពាហ៍ពិពាហ៍ដោយចាប់បង្ខំ ។ អនុវត្តរបបកសាងជីវភាពគ្រួសារអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងនារី ។ លើកទឹកចិត្តនារីឲ្យបានរៀនសូត្រខាងវប្បធម៌និងមុខវិជ្ជាជំនាញដើម្បីបម្រើសង្គមជួយឧបត្ថម្ភដល់ជនពិការគ្រួសារ ពលី មរណៈ ។ យកចិត្តទុកដាក់អ្នកចាស់ជរា ក្មេងកំព្រា ស្រ្តី មេម៉ាយ។ មានមាគ៌ាត្រឹមត្រូវចំពោះបងប្អូនខ្មែរកំពុងរស់នៅបរទេស និងជនបរទេសកំពុងរស់នៅក្នុងប្រទេស កម្ពុជា ។

៧.បំបាត់ចោលវប្បធម៌ប្រតិកិរិយាហើយកសាងវប្បធម៌ថ្មីមានចរិតជាតិនិងទស្សនៈប្រជាជន ។ បំបាត់គ្រោះអវិជ្ជាពង្រីកកម្រិតសិក្សាគ្រប់ថ្នាក់និងវិជ្ជាជីវៈជំនាញ។ថែរក្សាការពារវត្ថុបុរាណ បេតិកភណ្ឌជាតិ សួនឧទ្យាន វត្តអារាម ដែលត្រូវប៉ុល ពត បំផ្លាញ។

៨.អបអរសាទរនិងបង្កលក្ខណៈងាយស្រួលដល់នាយទាហានពលទាហានក្នុងកម្លាំងប្រដាប់អាវុធ កម្មាភិបាល បុគ្គលិក ដែលបានបោះបង់របប ប៉ុល ពត ហើយ វិលត្រឡប់មករួមរស់ជាមួយប្រជាជន ។ ផ្តទ្ទាទោសមេខ្លោងក្បាលរឹងនិងអនុគ្រោះចំពោះអ្នកស្មោះត្រង់និងកែប្រែទាន់ពេល វេលាព្រមទាំងលើកសរសើរចំពោះអ្នក មានស្នាដៃ។

៩.អនុវត្តមាគ៌ាបរទេស សន្តិភាព មិត្ត ភាព និងមិនចូលបក្ខសម័្ពន្ធជាមួយប្រទេសទាំងឡាយដោយមិនប្រកាន់របបនយោបាយសង្គមលើលក្ខការណ៍សន្តិសហវិជ្ជមានគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាព ដែនដីគ្នាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាស្មើភាពនិងមានផលប្រយោជន៍ទៅវិញទៅមក។

១០.ដោះស្រាយរាល់បញ្ហាវិវាទជាមួយបណ្តាប្រទេសជិតខាងដោយសន្តិវិធីផ្អែកលើមូលដ្ឋានគោរព ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីគ្នាទៅវិញទៅមក ។ បញ្ចប់សង្រ្គាមតាមព្រំដែនជាមួយវៀតណាម ដែលពួក ប៉ុល ពត បង្កឡើង។ ស្ថាបនាឡើង វិញនូវចំណងមិត្តភាព សហប្រតិបត្តិការល្អ ក្នុងន័យជាអ្នកភូមិផងរបងជាមួយនិងបណ្តាប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍រួមចំណែកកសាងភូមិភាគអាស៊ីអាគ្នេយ៍ជា មណ្ឌលមួយប្រកបដោយសន្តិភាព ឯក រាជ្យ សេរីភាព អព្យាក្រឹត ស្ថិរភាព និង សម្បូណ៌ស្តុកស្តម្ភ។

១១.បង្កើនសាមគ្គីភាពជាមួយបណ្តាប្រទេសលើសកលលោក ដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍន ភាពសង្គម។

ពិនិត្យលើខ្លឹមសាររួមនៃសេចក្តីថ្លែងការណ៍ទាំង១១ខ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាឃើញថាពុំមានប្រការណាមួយដែលផ្ទុយពីគំនិតផ្តួចផ្តើមនៃកម្មវិធីនយោបាយបង្រួបបង្រមជាតិរបស់ យើងបច្ចុប្បន្នឡើយ។

ផ្អែកលើគោលការណ៍ជាសារវន្តនៃ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាទើបយើងអនុវត្តគោលការណ៍បង្រួបបង្រួម ជាតិដោយជោគជ័យ។ គ្រប់ស្រទាប់ វណ្ណៈ ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណ ភាព ជំនឿសាសនា។

សូមឧទ្ទិសឲ្យស្មារតីរណសិរ្ស២ធ្នូស្ថិតនៅជាប់ជានិច្ចក្នុងចិត្តរបស់កុលបុត្រ កុល ធីតាខ្មែរ បើនិយាយពីរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវនិយាយពីកម្លាំង មហាសាមគ្គីប្រជាជនទាំងមូលគ្រប់រូប ដើម្បីរួបរួមគ្នាបម្រើផលប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរឲ្យមានសុខសន្តិភាព សម្បូណ៌ សប្បាយប្រកបដោយកិត្តិ យសនិងសុភមង្គល៕ សហការី

aes-3 aes-2


ចែករំលែក៖