ព័ត៌មានទាន់ហេតុការណ៍៖

បុរសកម្មករធ្វើនំជិះម៉ូតូល្បឿនលឿនបុកគូថរថយន្តឡិចស៊ីសពីក្រោយសន្លប់ស្ដូក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសកម្មករធ្វើនំម្នាក់បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង នឹងកន្លែង ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូក្នុងល្បឿនលឿន មិនប្រយត្ន័បុកគូថរថយន្តឡិចស៊ីសពីក្រោយយ៉ាងពេញទំហឹង កាលពីថ្ងៃច័ន្ទ ១២រោច ខែអស្សុជ ឆ្នាំច ព.ស ២៥៦២ត្រូវ នឹងថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៧ និង៥០នាទីយប់ នៅចំណុចផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ព្រៃសម្ភ័រ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះណាក់ អាយុ២៨ឆ្នាំ មុខរបរ កម្មករធ្វើនំ រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ខណៈជិះ ម៉ូតូម៉ាក ស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K៣៨១៤ ។

ចំណែកភាគីរថយន្តមានឈ្មោះហេង លីហាក់ ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបររត់តាក់ស៊ី បច្ចុប្បន្នរស់នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេ ខេត្តស្វាយរៀង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងដោយធ្វើដំណើរទិសដៅកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ១ក្នុងល្បឿនលឿនខ្វះប្រុងប្រយត្ន័ស្រាប់តែទៅបុករថយន្តម៉ាកឡិចស៊ីស ៣០០ ពណ៌មាស ស្លាកលេខ ស្វាយរៀង ភ្នំពេញ២G ៣២១៧ ពីចំហៀងខាងក្រោយឆ្វេងដែលកំពុងឈប់ចតនៅចិញ្ចើមផ្លូវខាងជើង ក្នុងទិសដៅពីកើតទៅលិច ស្របគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ ខណៈហៅក្រុមគ្រួសារដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានវាស់វែង និងអូសយកមធ្យោបាយទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្វាយទាបដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖