ព័ត៌មានទាន់ហេតុការណ៍៖

បុរសចិនស្រវឹងទៅមុខលែងរួចឈប់រថយន្តដេក ជនសង្ស័យឃើញឱកាសល្អបម្រុងលួចទ្រព្យ នគរបាលដេញចាប់បាន

ចែករំលែក៖

ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងសាឡាង ខណ្ឌទួលគោកបានដេញតាមប្រមាញ់បុរសនារី២នាក់ដែលជិះម៉ូតូហុងដាឌ្រីមសេ ១២៥ មួយគ្រឿង ទៅធ្វើសកម្មភាព បើកទ្វាររថយន្ដ បុរសជនជាតិចិនម្នាក់ ដែលស្រវឹងជោកជាំ ឈប់រថយន្ដដេកនៅក្បែចិញ្ចើមផ្លូវផ្អើលទីក្រុងភ្នំពេញទាំងយប់ទើបឃាត់នៅវិទ្យាល័យឥន្រ្ទទេវីទើបឃាត់បាន ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង២០នាទីយប់ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៧ នៅត្រង់ចំណុចជិតស្តុបផ្សារដើមគរ តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

មន្រី្តនគរបាលប៉ុស្តិ៍បឹងសាឡាងដែលជិះម៉ូតូដេញជនសង្ស័យពីរនាក់នេះបាននិយាយឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងតែជិះម៉ូតូល្បាតដល់ចំណុចស្តុបផ្សារដើមគរ ស្រាប់តែឃើញមាន បុរសម្នាក់ នារីម្នាក់មានវ័យជាង២០ឆ្នាំ ជិះម៉ូតូហុងដាឌ្រីមសេ ១២៥ មួយគ្រឿង ពណ៌ខ្មៅ ឌុបគ្នាទៅឈប់ក្បែររថយន្តបុរសជនជាតិម្នាក់ដែលស្រវឹងជោកជាំ ហើយឈប់រថយន្ដដេកនៅក្បែរចិញ្ចើមផ្លូវរួចពួកគេបាន ធ្វើសកម្មភាពបើកទ្វាររថយន្ដនោះបំណងលួចទ្រព្យ។ ខណ:ពេលឃើញដូច្នេះគាត់បានស្រែកទៅ បុរសនារីសង្ស័យខាងលើ ឲ្យឈប់ តែបុរសនារីសង្ស័យនេះមិនបានឈប់ម៉ូតូទេបែរជាបានព្យាយាមបើកម៉ូតូរត់គេច រហូតសឹងពេញទីក្រុងភ្នំពេញ ហើយរូបគាត់ក៏ទាក់ទងតាមអាយកូមឲ្យគ្រប់គៅលដៅចេញទៅ ពួនស្នាក់ចាប់ជនសង្ស័យ ទើបឃាត់ខ្លួនបាននៅមុខវិទ្យាល័យឥន្រ្ទទេវី នាំយកទៅកន្លែងកើតហេតុវិញ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅពេលមកដល់កន្លែងកើតហេតុវិញឃើញមានប្រពន្ធរបស់ជនជាតិចិនស្រវឹងរូបនេះ បានមកដល់ចំណុចកើតហេតុដែរ ហើយគាត់បានរកអីវ៉ាន់ក្នុងរថយន្ត ក៏បានប្រាប់សមត្ថកិច្ចថា ប្ដីរបស់គាត់ បាត់ទូរស័ព្ទ smart phone មួយគ្រឿង តែគាត់មិនដាក់ពាក្យបណ្ដឹងទេ។បន្ទាប់មកស្រី្តរូបនោះបានបើករថយន្តឡិចស៊ីសLX ៤៧០ដឹកប្ដីរបស់គាត់ត្រឡប់ទៅផ្ទះដោយទុករថយន្ដតាកូម៉ារបស់ប្ដីនៅកន្លែងកើតហេតុសិន។រីឯជនសង្ស័យពីរនាក់នោះត្រូវសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលបឹងសាឡាងចាត់ការ យាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖