ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់គាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ដេកស្លាប់ដោយសារគាំងបេះដូង កាលពីវេលាម៉ោង៧ព្រឹក​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៩ នៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉យ សាខន ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរយោធា កងពលលេខ ៤ អង្គភាពអណ្ដូងបរខេត្តឧត្តរមានជ័យ បច្ចុប្បន្ន បានប្រពន្ធនៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ សូត្រ តាំងអឹង ភេទស្រីអាយុ ៤៩ ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានបញ្ជាក់ថា ប្ដីរបស់ខ្លួន ជាមនុស្សញៀនស្រា ដាច់ស្រាមិនបាន បើអត់ផឹកស្រា តែងតែធ្វើទុក្ខដូចជាក្អួតចង្អោរធ្វើការអ្វីមិនកើត ញ័រដៃញ័រជើង បានសុំច្បាប់មេ មកសម្រាកនៅផ្ទះ ទើបបានជិតមួយខែ ដើម្បីព្យាបាលខ្លួនរហូតនៅថ្ងៃកើតហេតុ ក៏មានអការធ្វើទុក្ខ ឈឺពេញពោះ ស្អំទឹកកក តែនៅមិនបាត់ឈឺ ក៏ស្ទុះស្ទារ រកពេទ្យ មកព្យាបាល មិនទាន់បានព្យាបាលផង ក៏ផុតដង្ហើមស្លាប់បាត់តែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងមកជួយពិនិត្យមើល ក្រោយមករាយការណ៍ប្រាប់សមត្ថកិច្ច ។

សមត្ថកិច្ចបានបន្ដថា ក្រោយពីដឹងពត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសន្ទុក បានចុះដល់ទីកន្លែងកើតហេតុ ដោយសហការជាមួយប៉ុស្តិ៍រដ្ឋបាល និងលោកមេភូមិ រដ្ឋអំណាចឃុំ ដើម្បីធ្វើការពិនិត្យ ទីកន្លែងកើតហេតុ ក្រោយការពិនិត្យពុំឃើញមានស្លាកស្នាមអ្វីនៅលើដងខ្លួន ជនរងគ្រោះ គួរឲ្យកត់សម្គាល់ឡើយទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺគាំងបេះដូង និង មានជំងឺប្រចាំកាយផឹកស្រាដាច់មិនបាន រួចប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖