ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់សង្ស័យខ្យល់គរដេកស្លាប់ក្រោមផ្ទះផ្អើលទាំងព្រលឹម

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ សង្ស័យស្រវឹងស្រា ហើយមិនហូបបាយបណ្ដាលឲ្យខ្យល់គរស្លាប់ នៅលើគ្រែក្រោមផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិបាយាប ឃុំបាសាក ស្រុកស្វាយជ្រំ។

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យនគរវត្តដឹងថា បុរសដែលសង្ស័យស្រវឹងស្រាហើយខ្យល់គរស្លាប់មានឈ្មោះអុក ទ្បី អាយុ៦២ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។

តាមអ្នកភូមិបានឲ្យដឹងថា បុរសគឺជាមនុស្សដែលស្រវឹងខួបដើរផឹកពេញភូមិមិនលួសថ្ងៃឡើយដោយមុនពេលប្រទះឃើញគេឃើញបុរសខាងលើបានដេកក្រោមផ្ទះដូចសព្វដង ដោយក្រុមគ្រួសារម្នាក់ៗមិនបានចាប់អារម្មណ៍អ្វីនោះទេ លុះនៅពេលព្រឹកស្រាប់តែបង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នា ប្រាប់ក្រុមគ្រួសារជនរងគ្រោះ និងរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានមកពិនិត្យសាកសព។

តាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីក្រុមគ្រួសារសមត្ថកិច្ចស្រុក និងនគរបាលប៉ុស្ត័គ្រូពេទ្យព្រមទាំងនគរបាលជំនាញបានមកពិនិត្យសាកសពឃើញថា ពិតជាខ្យល់គរដោយមិនមានស្លាកស្នាមអ្វីជារឿងឃាដកម្មនោះទេ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចនគរបាលបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖