ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាសន្តិសុខបើកម៉ូតូដួលខ្លួនឯងរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសសន្តិសុខម្នាក់រងរបួសធ្ងន់ ក្រោយពេលជិះម៉ូតូដួលតែម្នាក់ឯង កាលពីម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1R0774 ធ្វើដំណើរមកពីស្រុកកំណើត ដោយប្រញាប់ទៅយាមនៅឯភ្នំពេញ ខណៈដល់ចំណុចកើតហេតុ បានដួលម៉ូតូ អូសជាង២០ម៉ែត្រ បណ្តាលឲ្យរង របួសបែកមុខ ហូរឈាមជោកជាំខ្លួន ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងហៅរថយន្តសាមុយដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម យកទៅរក្សាទុកដើម្បីប្រគល់ឲ្យជនរងគ្រោះវិញនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖