ព័ត៌មានទាន់ហេតុការណ៍៖

បុរសបីនាក់ស្រវឹងស្រា បើករថយន្ដមកបុកនឹងបង្គោលស្លាកសញ្ញា ចរាចរណ៍បណ្ដាលឲ្យបាក់អស់មួយដើម

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដមួយគ្រឿងដែលធ្វើដំណើរដោយបុរសបីនាក់ស្ថិតក្នុងសន្ថភាពស្រវឹងស្រាជោកជាំ ក៏បានបើកទៅបុកនឹងបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យបាក់មួយដើម ចំណែករថយន្ដរងការខូចខាតតិចតួច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿងម៉ាក moming ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AW-2102 បើកដោយបុរសម្នាក់ និងអ្នករួមដំណើរ២នាក់ទៀត ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ខណៈបើកមកដល់កន្លែងកើតហេតុ ក៏បានរេចង្កូតមកបុកនឹងបង្គោលស្លាកសញ្ញា បណ្ដាលឲ្យបាក់អស់មួយដើម ចំណែករថយន្ដមិនទាន់អស់ល្បឿន ក៏បន្ដទៅមុខបានប្រហែល៥០ម៉ែត្រ ក៏បានឈប់ ឯម្ចាស់រថយន្ដ និងអ្នករួមដំណើររងរបួសស្រាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងហេតុ បានវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ាដង្កោ


ចែករំលែក៖