ព័ត៌មានទាន់ហេតុការណ៍៖

បុរសប្រមឹកមកដល់ផ្ទះមិនឃើញប្រពន្ធធ្វើម្ហូបឲ្យហូបស្ទុះទៅប្រើហិង្សាបណ្តាលឲ្យរងរបួស

ចែករំលែក៖

ខេត្តស្វាយរៀងៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ខណៈដែលស្រវឹងស្រាជោករករឿងប្រពន្ធ មិនដាំបាយឲ្យហូបវាយចានឆ្នាំង និងបានប្រើហិង្សាវាយនឹងមែកដើមប្រេងខ្យល់ បណ្ដាលរងរបួសត្រូវបានអ្នកភូមិជួយឃាត់ ។

ហេតុការណ៍ប្រើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពោធិរាជ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលប្រើហិង្សាមានឈ្មោះ គង់ សុវណ្ណ (ហៅចាន់) អាយុ៥៣ឆ្នាំមុខរបរកសិករមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។

រីឯប្រពន្ធរងគ្រោះមានឈ្មោះ គង់ សារ៉ាន អាយុ៤៧ឆ្នាំ មុខរបរ កសិករ ដោយត្រូវប្ដីវាយនឹងកំណាត់មែកប្រេងខ្យល់ចំនួន៣មែកប្រេងខ្យល់ ត្រូវចំចិញ្ចើមខាងឆ្វេង ត្រូវស្មា ត្រូវកំប៉េះគូទ បណ្តាលឲ្យរងរបួសផងដែរ ។

តាមចម្លើយរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា មូលហេតុដោយសារគេស្រវឹងស្រាខ្លាំងពេក ណាមួយមកដល់ផ្ទះមិនឃើញប្រពន្ធដាំបាយ និងធ្វើម្ហូបឲ្យ ទើបមានកំហឹងទប់ចិត្តមិនបានក៏ប្រើហិង្សាតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចាត់ការតាមច្បាប់ ៕ យឹម សុថាន

ae


ចែករំលែក៖