ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកសម្លាប់ខ្លួន ខណៈមានជំងឺសរសៃប្រសាទ

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយខណៈដែលបុរសម្នាក់មានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ព្យាបាលមិនជាសះស្បើយ មិនតែប៉ុណ្ណោះគាត់ចេះតែរវើរវាយថាមានគេតាមសម្លាប់ទៀតផង ។ ទីបំផុតដោយមានការភ័យខ្លាចពេក ខណៈដែលម្ដាយមានការចេញទៅក្រៅតែមួយភ្លែតប៉ុណ្ណោះ ស្រាប់តែបុរសនេះ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្ដង ។

ហេតុការណ៍​នេះបានកើតឡើងភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុសរងគ្រោះខាងលើឈ្មោះកែវ ធារិទ្ធ ភេទប្រុសអាយុ៣១ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុបានយកខ្សែគោចងកសម្លាប់ខ្លួនបណ្ដាលឲ្យស្លាប់ដោយក្រុមគ្រួសារមិនអាចជួយទាន់ឡើយ ។ បុរសរងគ្រោះរូបនោះមានជំងឺសរសៃប្រសាទ ហើយមួយរយះពេលកន្លងមកនេះគាត់តែងតែរវើរវាយថាមានគេតាមសម្លាប់ ដែលបានធ្វើឲ្យគាត់ទទួលរងការភ័យខ្លាចគ្រប់ពេល ។

ប្រភពដដែលបានបន្តថា លុះថ្ងៃកើតហេតុខណៈស្រ្តីជាម្ដាយជាប់រវល់ចេញទៅក្រៅ បានទុកបុរសនេះឲ្យនៅផ្ទះជាមួយបុរសជាឪពុក ប៉ុន្តែពេលនោះឪពុកដេកនៅខាងក្រោម បន្ទាប់មកបុរសនេះបានបិទទ្វារបន្ទប់ខ្ទាស់គន្លឹះពីខាងក្នុងជាប់រួចធ្វើអត្តឃាតចងកសម្លាប់ខ្លួនបែបនេះតែម្ដង ។

ប្រភពដដែលបានបន្តទៀតថា ពេលនេះមិនមាននរណាបានដឹងនោះទេ ហើយសូម្បីតែបុរសជាឪពុកក៏មិនបានដឹងដែរ ចំណែកស្រ្តីជាម្ដាយក្រោយពេលវិលត្រឡប់ដល់ផ្ទះវិញ បានឃើញទ្វារបិទ និងខ្ទាស់គន្លឹះថែមទៀតនោះបានមានការសង្ស័យយ៉ាងខ្លាំង ។ ភ្លាមៗនោះម្ដាយបានអឺតមើលនៅក្នុងបន្ទប់ហើយបានឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយទើបមានការភ្ញាក់ផ្អើល និងប្រុងនាំយកទៅសង្គ្រោះតែហួសពេលទៅហើយ ។ បន្ទាប់មកបានរាយការណ៍ជូនលោកមេភូមិបានដឹង និងរាយការណ៍បន្តទៅកាន់នគរបាលដើម្បីចុះពិនិត្យកោសល្យវិច័យតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖