ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនសង្ស័យស្រវឹងបុករថយន្តសេរីទំនើបស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់ដែលគេសង្ស័យស្រវឹងក្នុងកម្មវិធីបុណ្យចូលឆ្នាំចិន ជិះម៉ូតូក្នុងល្បឿនលឿនបុកគូថរថយន្តស៊េរីទំនើប ស្លាប់នៅកន្លែងកើតហេតុកាលពីវេលាម៉ោង៦និង២៧នាទីព្រលប់ ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវបេតុងត្រង់ចំណុចខាងជើងអគារដើមស្រល់ ប្រហែល១០ម៉ែត្រ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលក្រុងប៉ោយប៉ែតប្រាប់ថា ជនរងគ្រោះបើកបរម៉ូតូឈ្មោះ ខុន ចាន់ឌី អាយុ៣៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានសំណង់ ក្រោយអគារដើមស្រល់ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ) ។

សមត្ថកិច្ចប្រាប់បញ្ជាក់ថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឃ្លិក ពណ៌ក្រហម ពុំមានស្លាកលេខ បើកបរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ដែលគេសង្ស័យថា ស្រវឹងស្រា លុះមកដល់ចំណុចកើតហេតុ បានបុករថយន្តម៉ាកថុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-2178 ពីក្រោយដែលកំពុងឈប់ចតទិញពោតបណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ខុន ចាន់ឌី អាយុ៣៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិខាងលើ (ស្លាប់នៅកន្លែងកើតហេតុ) ចំណែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ សាន សុចិន្តា ភេទស្រី អាយុ៣៨ឆ្នាំរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយកើតហេតុ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថក្រុងចុះសម្រួលចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះ និងធ្វើ កំណត់ហេតុ ចំណែកសពរងគ្រោះ ត្រូវបានកម្លាំងអាវុធហត្ថក្រុងយករថយន្តដឹកសព និងសាច់ញាតិយកទៅធ្វើបុណ្យ ។ ចំណែកម៉ូតូខូចខាតធ្ងន់ រីឯរថយន្តខូចស្រាលផ្នែកគូថខាងក្រោយចំហៀងខាងឆ្វេង ។ វត្ថុតាងទាំងពីរក្រោយពីការវាសវែង សមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីដោះស្រាយបន្តរតាមផ្លូវច្បាប់ ៕ វណ្ណា

 


ចែករំលែក៖