ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តកូរ៉េបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តកូរ៉េបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវក្រាលគ្រួសក្រហមកាលពីវេលាម៉ោង១៣និង១៥នាទីរសៀល ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ហួន សារ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។ មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើជិះម៉ូតូម៉ាកវេវ ពណ៌ក្រហម ចូលចាក់សាំង ពេលចាក់សាំងរួច ជិះម៉ូតូឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន មិនបានមើលមុខ ក្រោយ ត្រូវរថយន្តកូរ៉េ២តោនកន្លះ បើកបរពីជើងទៅត្បូង ក្នុងផ្លូវអាទិភាព បើកបរដោយឈ្មោះសាយ យុល ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាន់ហ្វ្រាំងមិនជាប់ បុកពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង ធ្វើកំណត់ហេតុ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនទំរីង តែដោយស្ថានភាពជនរងគ្រោះរបួសធ្ងន់ធ្ងរ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ ចំណែកវត្ថុរថយន្ត និងម៉ូតូ ប៉ូលិសប៉ុស្តិ៍យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំទំរីងរង់ចាំដោះស្រាយទៅតាមនីតិវិធី៕ ប៊ុន រិទ្ធី​


ចែករំលែក៖