ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឈ្លោះគ្នាជាមួយប្រពន្ធ ជិះម៉ូតូទៅទុកមុខបន្ទប់ជួលបងស្រីត្រូវចោរលួចយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ក្រោយពេលមានទំនាស់ជាមួយប្រពន្ធ បានយកម៉ូតូ១គ្រឿងជិះចេញពីផ្ទះ ទៅកាន់បន្ទប់ផ្ទះជួលបងស្រីរបស់ ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លុះពេលទៅដល់បានទុក ម៉ូតូនៅមុខបន្ទប់ជួលរួចដើរចូលទៅក្នុងបន្ទប់ ក៏ត្រូវបានជនសង្ស័យម្នាក់ដែលស្នាក់ នៅផ្ទះ ជួលខាងលើនោះដែរ ធ្វើសកម្មភាព លួចយកម៉ូតូនោះជិះគេចខ្លួនបាត់ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។

ពេលនោះជនសង្ស័យ ជាចោរបានបន្សល់ទុកអត្តសញ្ញាណបណ្ណ១សន្លឹកនៅកន្លែងកើតហេតុ ហើយត្រូវបានយុវជនជាម្ចាស់ម៉ូតូរូបនោះ និងបងស្រីរបស់គេបាននាំគ្នាយកអត្តសញ្ញាណប័ណ្ណនោះ ទៅកាន់ប៉ុស្ដិ៍នគរបាលកាកាបដាក់ពាក្យបណ្ដឹងឲ្យនគរបាលជួយអន្តរាគមន៏។

យុវជនដែលបាត់ម៉ូតូនោះឈ្មោះ ឈ្មោះ យឿន យ៉េវ អាយុ១៩ឆ្នាំមុខរបរព្រូឡានមានទីលំនៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ចំណែក ម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះម៉ាកហុងដា ឌ្រីមសេ ១២៥ ស៊េរី ឆ្នាំ២០១៥ ពណ៏ខ្មៅមិនចាំស្លាកលេខ។ ដោយឡែកជន សង្ស័យដែលជាចោរត្រូវបានស្គាល់អត្តសញ្ញាណតាមរយៈអត្តសញ្ញាណប័ណ្ណឈ្មោះ ភាវ សុហួរ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុក កំណើតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានទីលំនៅបច្ចុប្បន្ននៅផ្លូវលំ ភូមិទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងជាអ្នកស្នាក់នៅផ្ទះជួលកើតហេតុ ទើបបានរយៈពេល២ទៅ ៣ថ្ងៃប៉ុណ្ណោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជនរូបនោះបានមានទំនាស់ជាមួយប្រពន្ធបន្តិចបន្តួចប៉ុណ្ណោះហើយរូប បានព្យាយាមយកម៉ូតូជិះចាកចេញពីផ្ទះ ដើម្បីគេចមុខចេញពីប្រពន្ធជាបណ្ដោះអាសន្ន ប៉ុន្តែខណៈនោះប្រពន្ធបានយកសោម៉ូតូ លាក់ទុកក្នុងបំណងមិនចង់ឲ្យប្ដីចាកចេញពីផ្ទះព្រោះតែមានរឿងបន្តិចបន្តួចនេះឡើយ។ចំណែកយុវជនរូបនោះ ដោយសារតែខឹង ប្រពន្ធខ្លាំងពេកទោះបីជាប្រពន្ធចាក់សោម៉ូតូក្ដី បានយកម៉ូតូឲ្យជាងជួយតខ្សែកុងតាក់ដើម្បី បញ្ឆេះម៉ូតូដោយមិនបាច់ប្រើសោ ហើយក្រោយពេលជាងតខ្សែរួចរាល់ ក៏បានជិះម៉ូតូនោះចាកចេញពីផ្ទះ ហើយបានទៅកាន់បន្ទប់ផ្ទះជួលដែលបងស្រី របស់ខ្លួនជួលស្នាក់នៅ នៅក្នុងខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់បានទុកម៉ូតូនៅមុខបន្ទប់ជួល រួចបានដើរចូលទៅក្នុងបន្ទប់ ពេលនោះក៏ត្រូវបានជនសង្ស័យលួចជិះយកទៅបាត់ស្រមោលតែម្ដង៕ សុខាសែនជ័យ


ចែករំលែក៖