ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្នុងផ្ទះដោយសង្ស័យថា ករណីខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះ ដោយសង្ស័យថា ជាករណីខ្យល់គរ ។ ករណីខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ត្រង់នៅចំណុចផ្ចះរបស់ប្អូនថ្លៃឈ្មោះ វ៉េត វាត់ ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌល បូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុក កោះធំ ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ ជា ស្ងួន ត្រូវជាម្តាយជនរងគ្រោះ និងឈ្មោះ ស្រ៊ិន ផាត់ ត្រូវជាប្អូនជីដូនមួយ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌល បូរ៉ា តែងតែដេកសម្រាកនៅផ្ទះរបស់ខ្លួនជារៀងរាល់ថ្ងៃ ។ លុះមកដល់យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះ បានទៅដេកសម្រាកនៅផ្ទះប្អូនថ្លៃឈ្មោះ វ៉េត វាត់ នៅមុខផ្ទះរបស់ខ្លួន តែម្ចាស់ផ្ទះឈ្មោះ វ៉េត វាត់ មិននៅផ្ទះនោះទេ ព្រោះជាប់រវល់យកប្រពន្ធទៅព្យាបាលជម្ងឺនៅមន្ទីររាជធានីភ្នំពេញ ។ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០៧និង៣០នាទី មិនឃើញជនរងគ្រោះក្រោកពីដេកដោយមិនបើកទ្វារផ្ទះផងនោះ បងប្អូននៅទីនោះមានការសង្ស័យ ក៏បាននាំគ្នាឡើងរបងចូលមើល ក៏ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើកម្រាលឥដ្ឋខាងក្នុងផ្ទះក្បែរគ្រែមុខទូរទស្សន៍ បានបង្កឲ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ជូនសមត្ថកិច្ចជំនាញ មកធ្វើការពិនិត្យ ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ព្រោះមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖