ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរថយន្ដបុកស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ ត្រូវបានរថយន្តបុកចំពេញទំហឹង បណ្ដាលឲ្យស្លាប់ៗនៅកន្លែង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃចន្ទ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ០៦ ក្នុងភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បានបុកជាមួយម៉ូតូទាំងកំរោល ក្រោយកើតហេតុ អ្នកបើកបររថយន្តហាយឡែនឌ័រ បានចុះរត់គេចខ្លួនបាត់ស្រមោលមិនស្គាល់អត្តសញ្ញាណ រថយន្តពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២AK ៤១៧៥( បានបើកបរទិសដៅពីលិចទៅកើត ។

ចំណែកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០០៧ ពាក់ស្លាកលេខសៀមរាប ១C ២៦៨០ បើកបរដោយឈ្មោះ ពាង ឡូយ អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិគោកវាល ឃុំរើល ស្រុកពួក ខេត្តសៀមរាប ។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកពួក និងប្រគល់សពឱ្យទៅក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ ព្រមទាំហឲងបើកការស្រាវជ្រាវ ឲ្យម្ចាស់រថយន្ដចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖